ស្វាយរៀងៈ បុរស២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំឡី ឃាត់ខ្លួន ខណៈដែលលួចព្រលះសត្វគោយកសាច់ធ្វើម្ហូប ស្របពេលដែលសមត្ថកិច្ចចេញល្បាត ក្នុងភូមិសាស្ត្ររបស់ខ្លួនពេលយប់ ក៏បានប្រទះឃើញជនសង្ស័យចំនួន២នាក់។
យោងតាមសមត្ថកិច្ច បានឲ្យដឹងថា នៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៦៖០០នាទី នៅចំណុចខាងលិចទួលព្រៃពោន ចម្ងាយ៥០០ម៉ែត្រ ស្ថិតក្នុងភូមិសំឡីខាងត្បូង ឃុំសំឡី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំឡី ស្រុកកំពង់រោទិ៍ បានចេញល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនពេលយប់ ក៏បានប្រទះឃើញជនសង្ស័យចំនួន២នាក់ កំពុងធ្វើសកម្មភាពប្រលះសត្វគោ ឈ្មោល១ក្បាល ពណ៌ត្នោត ដែលរុំជាប់នឹងដើមអាកាស្យា លើភ្លឺប្រឡាយពេលនោះសមត្ថកិច្ចយើងក៏សួរនាំទើបដឹងថា ជាចោរលួចប្រលះសាច់គោ។
ប្រភពបានបន្តទៀតថា ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ ញឹម ចន្នា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិឃុំខាងលើ ទី២-ឈ្មោះ អឿន ឈើកា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មរ មានទីលំនៅភូមិសំឡីខាងជើង ឃុំសំឡី។ ជនសង្ស័យទាំងពីរនាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួយវះគោរបស់ប្រជាពលរដ្ឋពិតមែន។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងនគរបាលយើងបំពេញសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕