
ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ត្រូវបានប៉ូលិសខណ្ឌដូនពេញ សហការជាមួយប៉ូលិសខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់ បានសម្រេច កាលពី១០៖១០នាទីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ចំណុចមុខស្ថានីយប្រេងតូតាល់ ផ្លូវសហព័ន្ធរុស្សី ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យឃាត់ខ្លួន បាននៅវេលាម៉ោង១៖៣០នាទីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅម្តុំផ្សារបឹងបៃតង ផ្លូវសម្តេចជាស៊ីម សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យទី១ឈ្មោះ ឆោន ស្ម័គ្រ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅក្នុងវត្តពូនភ្នំ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ ២ ឈ្មោះ រី ភេទប្រុស អាយុប្រហែល២០ឆ្នាំ (គេចខ្លួន)។ ៣.ឈ្មោះ បារាំង ភេទប្រុស អាយុប្រហែល២០ឆ្នាំ (គេចខ្លួន)។ ៤.ឈ្មោះ ញ៉ា ភេទប្រុស អាយុប្រហែល១៩ឆ្នាំ (គេចខ្លួន)។ ៥.ឈ្មោះ និត ភេទប្រុស អាយុប្រហែល២០ឆ្នាំ (គេចខ្លួន)។ ចំណែកជនរងគ្រោះមិនស្គាល់ឈ្មោះ ភេទស្រី អាយុប្រហែល៣០ឆ្នាំ ជនជាតិខ្មែរ។
វត្ថុតាងចាប់យករួមមាន ៖ -ម៉ូតូមួយគ្រឿងម៉ាក SUZUKI NEX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GQ-4496 ទូរស័ព្ទ២គ្រឿង មួយគ្រឿងម៉ាក SAMSUNG ពណ៌ទឹកមាស (ជារបស់ជនសង្ស័យ) និង មួយគ្រឿងម៉ាក OPPO ពណ៌ស្វាយ (ជារបស់ជនរងគ្រោះ)។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២២ ម៉១០នាទី ជនរងគ្រោះ បានជិះម៉ូតូតាមផ្លូវសហព័ន្ធរុស្សី ពីទិសខាងកើត ទៅទិសខាងលិច មកដល់ចំណុចមុខស្ថានីយប្រេងតូតាល់ ផ្លូវសហព័ន្ធរុស្សី ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ស្រាប់តែជនសង្ស័យឈ្មោះ រី ភេទប្រុស អាយុប្រហែល២០ឆ្នាំ,ឈ្មោះ បារាំង ភេទប្រុស អាយុប្រហែល២០ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ,ឈ្មោះ ញ៉ា ភេទប្រុស អាយុប្រហែល១៩ឆ្នាំ ,ឈ្មោះ និត ភេទប្រុស អាយុប្រហែល២០ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាក HONDA DREAM 125 ពណ៌ខ្មៅ និងជនសង្ស័យឈ្មោះ ឆោន ស្ម័គ្រ ភេទប្រុស អាយ២១ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI NEX ពណ៌ស ផ្លាកលេខ ភ្នំពេញ 1GQ-4496 មកពីក្រោយជនរងគ្រោះ ធ្វើសកម្មភាពឆក់ទូរស័ព្ទ ខណៈកំពុងកាន់និយាយបានសម្រេច រួចហុចទូរស័ព្ទដៃម៉ាក OPPO ពណ៌ស្វាយ ឲ្យជនសង្ស័យឈ្មោះ ឆោន ស្ម័គ្រ យកទៅលក់ ពេលនោះកម្លាំងល្បាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដេញតាមពីក្រោយរហូតដល់ចំណុចម្តុំផ្សារបឹងបៃតង ផ្លូវសម្តេចជាស៊ីម សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆោន ស្ម័គ្រ រួមវត្ថុតាងទូរស័ព្ទដៃម៉ាក OPPO ពណ៌ស្វាយមួយគ្រឿង (របស់ជនរងគ្រោះ) និងម៉ូតូមួយគ្រឿងម៉ាក SUZUKI NEX ពណ៌ស ស្លាកលេខ ភ្នំពេញ 1GQ-4496 នាំមកទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសាកសួរ។
ចំពោះជនសង្ស័យចំនួន៤នាក់ទៀត បានជិះម៉ូតូគេចខ្លួនបាត់។ ចំណែកជនរងគ្រោះពុំបានដាក់ពាក្យបណ្តឹង និងជិះម៉ូតូចេញទៅបាត់។
ជនសង្ស័យឈ្មោះ ឆោន ស្ម័គ្រ ពុំធ្លាប់ប្រើប្រាស់គ្រឿងញៀន និងជាប់ពន្ធនាគារទេ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ និងបន្តធ្វើការស្រាវជ្រាវរកបក្ខពួកបន្ថែមទៀត៕



