header ads

Sponsor

(ស្វាយរៀង): នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តស្វាយរៀង អាណត្តិទី៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញប្រធានក្រុមប្រឹក្សា សមាជិកទាំងអស់ ត្រូវតែខិតខំបម្រើផលប្រយោជន៍ ចូលរួមបំពេញសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋដោយឈរលើស្មារតីស្មើភាព យុត្តិធម៌ មិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយអ្វីនោះឡើយ ។

សម្តេចក្រឡាហោមបានថ្លែងថា ការពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំង មានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឱ្យយើងសម្រេចគោលដៅមូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពខេត្ត ត្រូវដឹកនាំអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឱ្យបង្កើនការថែរក្សា ការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងក្របខណ្ឌខេត្តទាំងមូល ដោយត្រូវយកចិត្តទុកដាក់លើវិធានការសំខាន់ៗ ក្នុងនោះត្រូវជំរុញលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ នៅតាមមូលដ្ឋានរៀងៗខ្លួន ជាពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស សកម្មភាពលួច ឆក់ប្លន់ និងល្បែងស៊ីសងខុសច្បាប់ នៅគ្រប់មូលដ្ឋានទូទាំងខេត្ត ។

ក្នុងឪកាសនោះផងនេះដែរលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានលើកឡើងនូវចំណុចសំខាន់ៗ មួយចំនួនដែលអាជ្ញាធរខេត្តស្វាយរៀង បានបំពេញនាពេលកន្លងមកជូនសម្ដេចក្រឡាហោម ដូចជាស្ថានភាពរដ្ឋបាលដែនដី និងសមិទ្ធផលសំខាន់ៗ ដែលគណៈអភិបាល និងក្រុមប្រឹក្សាខេត្តស្វាយរៀង ក្នុងអាណត្តិទី២ សម្រេចបានព្រមទាំងអំពីលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាខេត្តស្វាយរៀង និងក្រុមប្រឹក្សាក្រុង-ស្រុក អាណត្តិទី៣ ហើយសមិទ្ធផល និងស្នាដៃការងារដែលគណៈអភិបាល និងក្រុមប្រឹក្សាខេត្តស្វាយរៀង សម្រេចបានព្រមទាំងលទ្ធផល នៃការបោះឆ្នោតនាពេលនេះ គឺជាមូលដ្ឋានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការចង្អុលបង្ហាញជាប់ជាប្រចាំរបស់សម្ដេច ចំពោះអាណត្តិទី៣នេះ ក្រុមប្រឹក្សាខេត្តស្វាយរៀង មានចំនួន២៣រូប ក្នុងនោះលោក ជុំ ហាត ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាខេត្ត ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post