
ព្រះសីហនុ៖ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្ដមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញពិនិត្យស្ថានភាពពិតដោយផ្ទាល់លើផ្លូវជាតិសំខាន់ៗចំនួន៤ខ្សែ នៅតំបន់ភាគខាងត្បូង មានដូចជា ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣ ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ កំពត កែប តាកែវ និងខេត្តព្រះសីហនុ ជាមួយនឹងប្រតិភូជំនាញៗជាច្រើនរូប នៃវិស័យសាធារណការ និងវិស័យដឹកជញ្ជូន ។
ក្នុងឱកាសនេះលោកថា ក្រសួងមិនអាចទទួលយកបានទេ ចំពោះការជួសជុលផ្លូវជាតិលេខ៣ មួយកំណាត់ពីខេត្តកំពត ឆ្ពោះទៅរង្វង់មូលវាលរេញ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ភ្ជាប់នឹងផ្លូវជាតិលេខ៤ ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រុមហ៊ុនឯកជនបានជួសជុលខុសបច្ចេកទេស ផ្លូវកំពុងជួសជុលមិនទាន់រួចផង ចាប់ផ្ដើមខូចបណ្ដើរៗវិញ។
ឯកឧត្ដម ទេសរដ្ឋមន្ដ្រី បានប្រៀបធៀបថា អាវថ្មីមួយទិញអស់ជាង១០លានដុល្លា បែរជាសុទ្ធតែបំណះ ដូច្នេះក្រសួងសាធារណការ មិនអាចទទួលយកបាននោះទេ ក្រុមហ៊ុនជួសជុលត្រូវតែធ្វើឱ្យល្អសារជាថ្មីឡើងវិញ ដែលមានក្នុងគម្រោងជាផ្លូវកៅស៊ូAC។
ឯកឧត្ដម ទេសរដ្ឋមន្ដ្រី ក៏សូមថ្លែងនូវការសុំអភ័យទោសដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវផងដែរ ចំពោះកំហុសរបស់ក្រុមហ៊ុនទទួលបន្ទុកការជួសជុលផ្លូវជាតិលេខ៣មួយកំណាត់នេះ ដែលបានធ្វើខុសបច្ចេកទេសបែបនេះ ហើយរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។






