
កែបៈ ប្រជាពលរដ្ឋមួយផ្នែកនៅសង្កាត់កែប ក្រុងកែប មានរបរដកផ្សិតស្មាច់ និងផ្សិតអាកាស្យាពីជួរភ្នំវល្លិ៍រយកមកដាក់លក់ឲ្យភ្ញៀវទេសចរ នៅតាមផ្លូវជាតិលេខ៣៣ កៀកកិតនិងផ្លូវចូលទៅកាន់ក្រុងកែប។
អ្នកលក់ផ្សិតម្នាក់ឈ្មោះ គិត សាវឿន ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិកែវក្រសាំង សង្កាត់កែប បាននិយាយប្រាប់កាលពីព្រឹកថ្ងៃទី១១ មិថុនា ថា ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានទៅស្វែងរកដកផ្សិតស្មាច់ និងផ្សិតអាកាស្យា ដើម្បីយកមកលក់អោយភ្ញៀវទេសចរ។
អ្នកលក់ផ្សិតនៅតាមដងផ្លូវ បាននិយាយប្រាប់បន្តថា អ្នកភូមិកែវក្រសាំង មានរបរដកផ្សិតនេះលក់ជាយូរឆ្នាំហើយ ប៉ុន្តែវាក៏មានរយៈពេលខ្លីដែរ។ អ្នករស់នៅសង្កាត់កែប បាននិយាយប្រាប់ថា កាលពីថ្ងៃទី១០ មិថុនា គាត់បានលក់ផ្សិតស្មាច់អោយភ្ញៀវទេសចរ បានប្រាក់២០ម៉ឺនរៀលដែរ។
អ្នករស់នៅសង្កាត់មួយនេះ បាននិយាយប្រាប់ថា អ្នកភូមិកែវក្រសាំង រង់ចាំតែធ្លាក់ភ្លៀងដើមរដូវនេះ ដឹងផ្សិតដុះ ហើយតែអាចស្វែងរកដកផ្សិតនៅជួរភ្នំវល្លិ៍រ មួយគីឡូ២ម៉ឺនរៀល ផ្សិតស្មាច់និងផ្សិតអាកាស្យាមួយកូនកញ្ច្រែងតូច៤ពាន់រៀលទៅ៥ពាន់រៀល។
អ្នកលក់ផ្សិតម្នាក់ទៀត បាននិយាយប្រាប់ថា អោយតែភ្លៀងធ្លាក់ដើមឆ្នាំ ពលរដ្ឋភាគច្រើនបាននាំគ្នាទៅដកផ្សិត ដាក់លក់នៅតាមដងផ្លូវ។ អ្នកលក់ផ្សិតដដែល បន្តថា អ្នកទិញផ្សិតច្រើនតែធ្វើដំណើរតាមរថយន្ត និងម៉ូតូ។
គេបានសម្គាល់ឃើញថា នៅក្រុងកែបពលរដ្ឋមានមុខរបរផ្សេងៗគ្នាជាច្រើន អ្នកខ្លះមានរបរជាអ្នកនេសាទ អ្នកខ្លះមានរបរដាំដំណាំ មានដំឡូង និងឪឡឹក៕