header ads

Sponsor

ភ្នំពេញៈ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា បើមានរថយន្ត ១គ្រឿង ដឹកលើសទម្ងន់១០តោន នៅលើផ្លូវមួយ ស្មើនឹងរថយន្ត ១០០០០គ្រឿង កំពុងធ្វើចរាចរនៅលើដងផ្លូវ។

ក្នុងកិច្ចប្រជុំ លើការងារត្រួតពិនិត្យ យានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរ ប្រធាននិងអនុប្រធាន ស្ថានីយថ្លឹងរថយន្តទាំង២៧ ស្ថានីយនៅទូទាំងប្រទេស នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ទោះបីផ្លូវល្អមានគុណភាព រឹងមាំប៉ុនណាក៏ដោយ បើមានរថយន្តដឹកទំនិញ លើសទម្ងន់កម្រិតកំណត់ ផ្លូវនេះនឹងឆាប់ខូច និងមិនអាចប្រើប្រាស់បានយូរឡើយ។

លោកមានប្រសាសន៍ថា "រូបមន្តរបស់ធនាគារ ពិភពលោកមកបង្ហាញថា បើមានរថយន្តមួយគ្រឿងដឹក លើសទម្ងន់កម្រិតកំណត់ចំនួន ១០តោន នៅលើផ្លូវមួយ វាស្មើនឹងរថយន្ត ១០ ០០០ គ្រឿងកំពុងធ្វើចរាចរនៅលើផ្លូវនោះ (ដោយ១០×១០×១០×១០=១០០០០គ្រឿង)"។

ជាងនេះទៅទៀត រដ្ឋមន្ដ្រីសាធារណការ លើកឡើងថា រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ មានការថយចុះគួរឲ្យកត់សម្គាល់ បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨។

ទោះជាយ៉ាងណាក្ដី រដ្ឋមន្ដ្រី ផ្ដាំផ្ញើឲ្យមន្ត្រីទាំងអស់ ធ្វើការប្ដេជ្ញាខ្ពស់ជាងនេះទៀត ព្រមទាំងសាមគ្គីសហការគ្នា ឲ្យបានស្អិតរមួត និងអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ដើម្បីឈានទៅលុបបំបាត់ការ ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលបានកំណត់ក្នុងច្បាប់ និងបទដ្ឋានគតិយុត្តជាធរមានរបស់កម្ពុជា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post