header ads

Sponsor

បន្ទាយមានជ័យៈ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ បានធ្វើការស្ទាក់ឃាត់ចាប់រថយន្តទូរីសមួយគ្រឿង ដែលផ្ទុកផលិតផលគ្រឿងក្នុងជ្រូកខូចគុណភាពនាំចូលពីប្រទេសថៃ។

ការស្ទាក់ចាប់រថយន្តដឹកផលិតផលគ្រឿងជ្រូកខូចគុណភាពនេះ ធ្វើឡើងនៅវេលាម៉ោង៤៖៣០នាទីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំកម្លាំងបង្រ្កាបផ្ទាល់ដោយស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ។

ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកឧត្តមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ បានប្រាប់ឱ្យដឹងថា ដោយទទួលបានការរាយការណ៍ពីមានប្រជាពលរដ្ឋថា មានរថយន្តមួយគ្រឿង ម៉ាក toyota alphard ពណ៌ស ពាក់ស្លាកលេខបន្ទាយមានជ័យ ២B-៦៧៧៩ បានលួចផ្ទុកផលិតផលគ្រឿងក្នុងជ្រូកខូចគុណភាព ដឹកចេញពីក្រុងប៉ោយប៉ែត ឆ្ពោះទៅរាជធានីភ្នំពេញ លោកក៏បានដឹកកម្លាំងធ្វើការស្ទាក់ចាប់ហើយរឹបអូសយកមកកាន់ស្នងការដ្ឋានដើម្បីពិនិត្យ។

លោកស្នងការរងប្រាប់ឱ្យដឹងទៀតថា ផលិតផលគ្រឿងក្នុងជ្រូកទាំងអស់នេះ គ្មានច្បាប់លិខិតអនុញ្ញាតឱ្យនាំចូល និងគ្មានការត្រួតពិនិត្យអោយបានត្រឹមត្រូវពីមន្រ្តីជំនាញនោះឡើយ។ផលិតផលគ្រឿងក្នុងជ្រូកសរុប១២កេសស្មើនិង៥៧២គីឡូក្រាម ក្នុងនោះមានពោះជ្រូក២០០គីឡូក្រាម ត្រចៀកជ្រូក១៨០គីឡូក្រាម បេះដូងជ្រូក១៥០គីឡូក្រាម ឆ្អឹងជំនីជ្រូក២២គីឡូក្រាម និងពោះវៀនធំ២០គីឡូក្រាម។

បើតាមចម្លើយសារភាពពីអ្នកបើកបររថយន្តឈ្មោះ គូ លាងចិន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានប្រាប់សមត្តកិច្ចថា រូបគេប្រកបមុខរបរអ្នករត់តាក់ស៊ី ទើបតែស៊ីឈ្នួលដឹកផលិតផលគ្រឿក្នុងជ្រូកលើកទី១ ឱ្យថៅកែនៅភ្នំពេញដោយទទួលបានថ្លៃឈ្នួល១កេស២៥០០០រៀល ហើយក៏មិនដឹងថា ផលិតផលគ្រឿងក្នុងជ្រូកមានច្បាប់ ឬអត់ច្បាប់នោះទេ។

បច្ចុប្បន្នផលិតផលគ្រឿងក្នុងជ្រូកជាងកន្លះតោនត្រូវបានរក្សាទុកនៅស្នងការដ្ឋានរង់ចាំឱ្យមន្រ្តីជំនាញកាំកុងត្រូលចុះមកធ្វើតេស្ថពិនិត្យក្រែងមានការលាយផ្សំនូវសារធាតុគីមីនិងសុំគោលការណ៍ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីយកទៅដុតកម្ទេចចោល៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post