ស្វាយរៀងៈ តៅគួទម្ងន់ប្រមាណ២គីឡូក្រាម និងបង្គារក្រៀមទម្ងន់១គីឡូក្រាម ត្រូវសមត្ថកិច្ចកាំកុងត្រូលរកឃើញ នៅក្នុងប្រតិបត្តិការចុះពិនិត្យទំនិញកាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះ នៅផ្សារប្រសូត៍ ដែលស្ថិតនៅក្នុងស្រុកស្វាយទាប។
លោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀងបានឲ្យដឹងថា កាលពីព្រឹកមិញនេះ សមត្ថកិច្ចបានចុះទៅពិនិត្យលើមុខទំនិញជាច្រើនមុខដែលអាជីវករបានដាក់លក់នៅក្នុងផ្សារ ដើម្បីធានាបាននូវសុវត្ថិភាពដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់។ ជាលទ្ធផល កាំកុងត្រូលបានរកឃើញតៅគួ២គីឡូក្រាម និងបង្គារក្រៀម១គីឡូក្រាមខូចគុណភាព ហើយត្រូវបានមន្ត្រីជំនាញដកហូតយកទៅដុតកម្ទេចចោល។
ដោយឡែកអ្នកលក់ ក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំនិញដែលខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ដែរ ព្រោះពួកគេទាំងអស់នោះបានយល់ដឹងនូវផលប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋ។ជាមួយគ្នានោះ មន្ត្រីជំនាញ បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រយ័ត្ន ចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញាកាលបរិច្ឆេទ ឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគ៕