header ads

Sponsor

(ស្វាយរៀង): នៅថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០១៩ អំណោយមនុស្សធម៌ជាស្បៀង សម្ភារ និងថវិកាមួយចំនួន ត្រូវបានក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា នាំយកទៅសួរសុខទុក្ខ និងចែកអំណោយ ជូនចាស់ជរា ១១៣ គ្រួសារ  អ្នករស់នៅជាមួយមេរោគអេដស៍ ២ នាក់ កុមារកំព្រា ៣ នាក់ ជនពិការ ៣ នាក់ និងគ្រួសារមានជីវភាពខ្វះខាត ១៣១ គ្រួសារ សរុប ២៥២ គ្រួសារ មកពី ១៦ ឃុំក្នុងស្រុកស្វាយជ្រំ ។


លោក ម៉ែន វិបុល បានបញ្ជាក់ដល់អ្នកទទួលអំណោយទាំង ២៥២គ្រួសារថា: ដោយសង្ខេបអំពីសកម្មភាពនានារបស់កាកបាទក្រហមកម្ពុជា នៅថ្នាក់សាខា និងអនុសាខា បានយកចិត្តទុកដាក់ និងដោះស្រាយបន្ទាន់ដល់គ្រួសារដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ដូចជា ខ្យល់កន្ត្រាក់ រន្ទះបាញ់ គ្រោះថ្នាក់ចរាចរណ៍ជាដើម ធ្វើឲ្យប្រជាពលរដ្ឋដែលរងគ្រោះបានធូស្រាលមួយចំណែក ហើយពេលនេះសាខាបានគិតគូដល់លោកយាយ លោកតា ចាស់ជរាដែលគ្មានទីពឹង អ្នករស់នៅជាមួយមេរោគអេដស៍ ជនពិការ កុមារកំព្រា ព្រោះមិនមែនតែស្រុករំដួលមួយទេដែលសាខាត្រូវដោះស្រាយ គឺត្រូវដោះស្រាយដល់ស្រុកផ្សេងទៀតតាមលទ្ធភាពដែលសាខាមាន  ។

លោកក៏បានបន្តទៀតថា: អំណោយទាំងនេះគឺបានមកពីសប្បុរសជនទាំងក្នុង និងក្រៅខេត្ត បានជួយឧបត្ថម្ភដល់សាខា តាមរយៈការរៀបចំទិវា ៨ ឧសភា សមាជិកភាព ហិបវិភាគទាន និងការលក់សន្លឹកឆ្នោត ហើយបងប្អូនទាំងអស់ត្រូវទុកចិត្តនឹងអាជ្ញាធរដែនដី រួមទាំងកាកបាទក្រហមកម្ពុជាផងដែរ ក្នុងការជួយសម្រាលទុក្ខលំបាករបស់បងប្អូនដោយមិនរើសអើងឡើយ ពោលគឺឲ្យតែរងគ្រោះ ព្រោះកាកបាទក្រហមកម្ពុជាយើងមានបណ្តាញអ្នកស្មគ្រ័ចិត្ត និងយុវជននៅគ្រប់សាខា រាជធានី ខេត្ត តាមអនុសាខាក្រុងស្រុកទូទាំងប្រទេស អាចចុះពិនិត្យជាក់ស្តែង ផ្តល់ព័ត៌មានបានយ៉ាងឆាប់រហ័ស និងធ្វើការឆ្លើយតបភ្លាមៗ ដើម្បីយកអំណោយចែកជូនដល់អ្នករងគ្រោះបានទាន់ពេលវេលា ។

ចំពោះអំណោយដែលបានចែកជូនទាំង ២៥២គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ៣០គ.ក្រ មី ១ កេស ទឹកស៊ីអ៊ីវ ៦ ដប ត្រីខ ១០ កំប៉ុង កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (មុង ភួយ សារុង ក្រមា) និងថវិកា ៥០.០០០ រៀល  លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា ឧបត្ថម្ភថវិកាបន្ថែមក្នុង ១ គ្រួសារ ១០,០០០ រៀល ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post