ភ្នំពេញៈ ក្រោយពីលោក សម រង្ស៊ី បានអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរ និងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរ ទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ យល់ឃើញថា ការអំពាវនាវនេះរបស់លោក សម រង្ស៊ី គឺនាំឲ្យខ្មែរ បែកបាក់គ្នាតែប៉ុណ្ណោះ។
ក្នុងពិធីកាត់ខ្សែបូ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តហ្លួងផែង ស្រុកថ្មគោល ខេត្តបាត់ដំបង នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ សម្ដេច ស ខេង បានថ្លែងថា រាជរដ្ឋាភិបាលសព្វថ្ងៃនេះ បានកើតចេញពីការបោះឆ្នោត ដែលមានការទទួលស្គាល់ពីអន្ដរជាតិយ៉ាងត្រឹមត្រូវ។
សម្ដេច មានប្រសាសន៍ថា “មានអ្នកដែលថា ចង់មកដើម្បីនាំប្រជាជនបះបោរ ផ្ដួលរលំរដ្ឋាភិបាល។ ខ្ញុំថា អាហ្នឹងមិនស្រួលទេ នាំខ្មែរទៅបែកបាក់ទៀតហើយ”។
សម្ដេចក្រឡាហោម លើកឡើងបែបនេះ បន្ទាប់ពីលោក សម រង្ស៊ី បានសរសេរនៅក្នុងហ្វេសប៊ុក នាពេលថ្មីៗនេះថា ប្រជារាស្ត្រខ្មែរត្រូវតែក្រោកឈរឡើង ដើម្បីផ្តួលរំលំ រាជរដ្ឋាភិបាលសព្វថ្ងៃនេះ ពីព្រោះរាជរដ្ឋាភិបាលសព្វថ្ងៃ កើតចេញមកពីការបោះឆ្នោតក្លែងក្លាយ កាលពីឆ្នាំ២០១៨ ដែលជាការរំលោភឆន្ទៈ ប្រជារាស្ត្រទាំងស្រុង។
ក្នុងករណីនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា និងជារាជរដ្ឋាភិបាលកម្ពុជា បានថ្លែងពីប្រទេសជប៉ុន កាលពីថ្ងៃទី៣០ ឧសភា ស្វាគមន៍លោក សម រង្ស៊ី មកធ្វើសង្រ្គាមជាមួយសម្តេច និងមកចាប់សម្តេចដល់ផ្ទះ ក្រោយពីអតីតមេបក្សប្រឆាំងនេះ បានគៀងគរឲ្យកងទ័ព និងពលករខ្មែរនៅតាម បណ្តាប្រទេសមួយ ចំនួនមកចាប់សម្តេច៕