បន្ទាយមានជ័យៈ នៅ​ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យជាជនជាតិចិនចំនួន១២នាក់ ទៅតុលាការ បន្ទាប់ពីចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ប្រព្រឹត្តនៅក្នុងក្រុងប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បាននិយាយថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត បានចេញប្រតិបត្តិការឆ្មក់ចូលបង្រ្កាប ចាប់ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន១២នាក់ ដែលបានធ្វើការបង្ខាំងជនជាតិចិនដូចគ្នាចំនួនបីនាក់ នៅក្នុងផ្ទះសំណាក់ពីរកន្លែង គឺផ្ទះសំណាក់សុផល ថាវី និងផ្ទះសំណាក់លីហ៊ូវ ដើម្បីជំរិតទារប្រាក់។ ប្រតិបត្តិការឆ្មក់ឃាត់ចាប់ជនសង្ស័យ និងរំដោះជនរងគ្រោះធ្វើឡើងក្រោមការសម្របសម្រួលនីតិវិធីពី លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បានប្រាប់ឱ្យដឹងថា កម្លាំងនគរបាលបង្រ្កាបចាប់ឃាត់ខ្លួនជនជាតិចិន១២នាក់ខាងលើ អនុវត្តតាមបណ្តឹងរបស់ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា បន្ទាប់ពីទទួលព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះនៅប្រទេសចិន។

លោកស្នងការរង ប្រាប់ឱ្យដឹងទៀតថា ជនរងគ្រោះ៣នាក់ជាជនជាតិចិន ត្រូវបានជនសង្ស័យជនជាតិចិនទាំងនោះបង្ខាំងទារប្រាក់ និងធ្វើទារុណកម្ម ហើយផ្ញើរូបភាពទៅគ្រួសារជនរងគ្រោះនៅក្នុងប្រទេសចិន ក្រោយពីក្រុមជនសង្ស័យឱ្យប្រាក់ទៅជនរងគ្រោះខ្ចីលេងល្បែងចាញ់អស់ប្រាក់ និងគ្មានប្រាក់សងទៅក្រុមជនសង្ស័យទាំងនោះវិញ។

ជនរងគ្រោះរងការធ្វើទារុណកម្មបង្កឱ្យរបួសស្នាមពេញខ្លួន ហើយត្រូវបានកម្លាំងនគរបាលរំដោះបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយកន្លែងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះ១,ឈ្មោះ ឌូ ស៊ីងយុន ភេទប្រុស អាយុ២៩ឆ្នាំ ២,ធូលី ជូល ភេទប្រុស អាយុ១៨ឆ្នាំ និង៣,ធៀន ចាង ភេទប្រុស អាយុ ១៨ឆ្នាំ ជនរងគ្រោះទាំង៣នាក់ រស់នៅខេត្តកាន់ ស៊ូ ប្រទេសចិន ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor