កំពង់ឆ្នាំងៈ បុរសម្នាក់ បានរងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងភ្លាមៗ បន្ទាប់ពីកូនប្រុសគាត់បានកាប់៣កាំបិត ដោយសារខឹងឪពុកផឹកស្រាស្រវឹងជេរប្រទេច និងវាយម្ដាយកូនៗសឹងរាល់ថ្ងៃ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧៖៣០នាទីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នៅចំណុចភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ប្រពន្ធជនរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុប្តីគាត់ឈ្មោះ ខុម អាយុជាង៥០ឆ្នាំបានផឹកស្រាស្រវឹង រួចជេរប្រទេចវាយធ្វើបាបគាត់ ពេលនោះកូនប្រុសគាត់ទ្រាំមិនបានទាញយកកាំបិតមកកាប់ឪពុក៣កាំបិត ត្រូវកែងដៃមួយកាំបិត ថ្ងាសមួយកាំបិត និងកណ្តាលក្បាលមួយកាំបិត ធ្វើឲ្យឪពុករងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារ និងអ្នកជិតខាងបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ។
ក្រោយធ្វើសកម្មភាពរួច ជនដៃដល់ជាកូនប្រុស បានគេចខ្លួនចេញពីផ្ទះបាត់ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន៕