ភ្នំពេញៈ ក្រោយពីព្រឹត្តិការណ៍ ហូបនំបញ្ចុកទូទាំងប្រទេស បានបញ្ចប់ទៅដោយរលូន កាលពីថ្ងៃទី៩ មិថុនា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងម្តងទៀតថា ការហូបនំបញ្ចុក របស់សកម្មជន អតីតគណបក្សសង្គ្រោះជាតិ (CNRP) ដើម្បីប្រជុំគ្នា ពិភាក្សារឿងនយោបាយ ខណៈនំបញ្ចុក សមាជិក-សមាជិកា របស់គណបក្សប្រជាជនកម្ពុជា គឺហូបជុំគ្នាដើម្បីបង្ហាញពីភាព សាមគ្គីគ្នា ទៅវិញទៅមកប៉ុណ្ណោះ។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាខេត្ត ស្វាយរៀង អាណត្តិទី៣ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ សម្ដេច ស ខេង បានមានប្រសាសន៍ថា កម្មវិធីនំបញ្ចុករបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា គឺជារឿងត្រឹមត្រូវ ដើម្បីបង្ហាញអំពីសាមគ្គីភាព និងឯកភាពជាតិ។
សម្ដេចមានប្រសាសន៍ថា “ក៏ប៉ុន្ដែមានក្រុមមួយនោះ (ក្រុមអតីតCNRP) នំបញ្ចុកគឺជាការប្រជុំ ធាតុពិតជាការប្រជុំនយោបាយ។ ខ្ញុំបានបញ្ជាក់ កាលពីនៅត្បូងឃ្មុំថា ការប្រជុំនយោបាយនេះមានពីរ ពួកគាត់ប្រជុំដើម្បីអនុវត្តន៍ តាមគោលការណ៍លទ្ធប្រជាធិបតេយ្យ សេរីពហុបក្ស តាមច្បាប់ជាធរមាន ដើម្បីត្រៀមបោះឆ្នោត នាពេលខាងមុខ ២០២២-២០២៣ អាហ្នឹងត្រឹមត្រូវ ហើយលើកចិត្តថែមទៀត”។
សម្ដេចបន្ដថា ប៉ុន្ដែបើហូបនំបញ្ចុក ដើម្បីប្រមូលគ្នាចាត់តាំងគ្នា មកធ្វើបដិវត្ដន៍ពណ៌ ផ្ដួលរំលំរដ្ឋាភិបាល បញ្ហាហ្នឹងខុសច្បាប់ទៅវិញទេ ច្បាប់នឹងចាត់វិធានការតាមផ្លូវច្បាប់។
សម្ដេចបញ្ជាក់ថា “ប៉ុន្ដែការជួបជុំមានបំណង ប្រមូលផ្ដុំដើម្បីនាំគ្នាបះបោរ ផ្ដួលរំលំរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត គឺខុស ខ្ញុំបញ្ជាក់ថា គឺខុស។ ចឹងយើងមានភារៈកិច្ចធ្វើម៉េច? យើងមានភារៈកិច្ចគ្រប់គ្រង សភាពការណ៍ មិនឲ្យអ្នកឯងធ្វើចឹងបានទេ។ ហើយផ្ដើមចេញពីការផ្សព្វផ្សាយ នៃការពន្យល់ជូនប្រជាពលរដ្ឋ ជួនកាលគាត់មិនដឹង គាត់ចេះតាមគេដូចកាលឆ្នាំ២០១៣នាំគ្នាធ្វើបាតុកម្ម អស់ជ្រូក អស់មាន់ បើធ្វើរបៀបហ្នឹងខុសច្បាប់ ហើយយើងនឹងមាន វិធានការ”៕
