header ads

Sponsor

ភ្នំពេញៈ ប្រមុខការទូតកម្ពុជា ប្រាប់ប្រតិភូអឺរ៉ុប ឲ្យពិនិត្យរបាយការណ៍កម្ពុជាឡើងវិញ អំពីប្រព័ន្ធពន្ធអនុគ្រោះ (EBA) ខណៈដែលអឺរ៉ុប មិនបានឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពនៅកម្ពុជានោះទេ។

ក្រោយពីបញ្ចប់ជំនួបរវាងលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយលោក Jean-Christophe Belliard អគ្គលេខាធិការរង នៃមន្ទីរការបរទេសសហភាពអឺរ៉ុប នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ នៅទីស្ដីការក្រសួង លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា នៅក្នុងជំនួបរវាងប្រមុខការទូតកម្ពុជា ជាមួយគណៈប្រតិភូសហភាពអឺរ៉ុបនេះ ជាផ្នែកមួយនៃកិច្ចសន្ទនាគ្នារវាងភាគីទាំងពីរ ក្នុងនីតិវិធីដំណើរការ នៃប្រព័ន្ធអនុគ្រោះពន្ធ ដែលសហភាពអឺរ៉ុប បានប្រកាសចាប់ផ្តើមដំណើរការនីតិវិធីឲ្យមានការផ្អាកជាបណ្តោះអាសន្ន នូវប្រព័ន្ធអនុគ្រោះ ហើយប្រព័ន្ធ EBA អាចនឹងលុបចោល ប្រសិនបើរកឃើញថា ប្រទេសទទួលផលនេះ មិនគោរពសិទិ្ធមនុស្ស និងសិទ្ធិការងារសំខាន់ៗ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានស្នើឲ្យប្រតិភូសហភាពអឺរ៉ុប ពិនិត្យឲ្យបានច្បាស់លាស់នូវរបាយការណ៍ ដែលកម្ពុជា បានធ្វើកន្លងមកនេះ សម្រាប់សហភាពអឺរ៉ុប ទាក់ទងទៅនឹងប្រព័ន្ធពន្ធអនុគ្រោះ (EBA) ហើយកម្ពុជា ក៏មិនចង់ឲ្យបាត់បង់នោះដែរ ដែលបច្ចុប្បន្នមានកម្មករប្រមាណជា៧០ម៉ឺននាក់ បានទទួលអាស្រ័យផល។ ប៉ុន្ដែទោះបីជាខិតខំយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលក៏នៅមានបន្ទាត់ក្រហម ដោយមិនអាចយកអធិបតេយ្យ និងឯករាជ្យភាព ទៅដូរជាមួយនឹង EBA បាននោះទេ។

បើតាមអ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា ”ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី បានសម្ដែងការស្វាគមន៍លោក Jean-Christophe Belliard ដោយសារនេះ ជាទស្សនកិច្ចលើកទី១ របស់លោក នៅកម្ពុជា ហើយឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី សង្ឃឹមថា លោកនឹងបានកត់សម្គាល់ឃើញជាក់ស្ដែងនៅកម្ពុជា ដែលខុសពីអ្នកសារព័ត៌មានមួយចំនួន បានចុះផ្សាយមិនពិត ហើយដំណើរទស្សនកិច្ចនេះ ក្នុងការកសាងទំនុកចិត្ដរវាងកម្ពុជា និងសហគមន៍អឺរ៉ុប ហើយបានថ្លែងអំណរគុណដល់សហគមន៍អឺរ៉ុប ដែលបានផ្ដល់ជំនួយដល់កម្ពុជា ក្នុងវិស័យជាច្រើន ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ”។

អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា នៅក្នុងជំនួបនោះដែរ ភាគីទាំងពីរ បានឯកភាពគ្នានូវគោលការណ៍ធំៗរួមមួយចំនួន បន្ដខិតខំកិច្ចសន្ទនាក្នុងការស្វែងរកដំណោះស្រាយ ដើម្បីរក្សាប្រព័ន្ធអនុគ្រោះ EBA ក្នុងស្មារតីគោរពសិទ្ធិគ្នាទៅវិញទៅមក។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ការសម្រេចចិត្តអឺរ៉ុប ក្នុងការព្យួរប្រព័ន្ធអនុគ្រោះនេះ ជារឿងអយុត្តិធម៌បំផុត ដែលបង្ហាញឲ្យឃើញថា សហភាពអ៊ឺរ៉ុប បានបដិសេធដោយចំហរអំពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ដែលប្រទេសកម្ពុជា សម្រេចបាន។ តែទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ព្រមទាំងដាក់ចេញនូវយន្តការផ្សេងៗទៀត ដើម្បីឆ្លើយតបនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ផងដែរ។

សូមបញ្ជាក់ថា ក្នុងដំណើទស្សនកិច្ចរបស់លោក Jean-Christophe Belliard អគ្គលេខាធិការរង នៃមន្ទីរការបរទេសសហភាពអឺរ៉ុប នៅពេលនេះ គឺមិនបានមកបេសកកម្ម EBA នៅកម្ពុជានោះទេ ប៉ុន្ដែការអញ្ជើញមកកម្ពុជានេះ គឺមានការអញ្ជើញពីស្ថានទូតបារាំង ប្រចាំនៅកម្ពុជា ក្នុងសន្និសីទរបស់ស្ថានទូតប៉ុណ្ណោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post