header ads

Sponsor

ភ្នំពេញៈ លឺសូរតែប្រាវ បុរសចិន-ខ្មែរ២នាក់ ដេកស្ដូកស្ដឹងលថ្នល់ទាំងពីរនាក់ ខណៈបុរសជនជាតិខ្មែរ​ម្នាក់ ជិះម៉ូតូជែងរថយន្តមិនប្រយ័ត្នជ្រុលទៅបុកបុរសជនជាតិចិនម្នាក់ កំពុងចុចទូរស័ព្ទដើរឆ្លងផ្លូវពេញទំហឹង ខ្ទាតម៉ូតូជាង២០ម៉ែត្រ បណ្ដាលឲ្យបុរស​ចិនបាក់ជើងខាងស្ដាំ និងបែកក្បាលធ្ងន់ធ្ងរ ចំណែកបុរសខ្មែរអ្នកបើកម៉ូតូខ្ទាតបោកនឹងថ្នល់ បែកក្បាលឈាមជោកខ្លួន។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង១១៖៣៥នាទីយប់ថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០១៩ នៅតាមផ្លូវ២៧១ ត្រង់ចំណុចជិតផ្ទះសំណាក់  សាត ចំរើន ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានអោយដឹងថា សម្ភារៈនៅលើខ្លួនជនរងគ្រោះដែលជាម្ចាស់ម៉ូតូ មានកាបូបលុយមួយ ក្នុងនោះមានលុយជិត១០ម៉ឺនរៀល  និងប័ណ្ឌ ប.ស.ស របស់ជនរងគ្រោះតែម្ដងឈ្មោះ  សៀ រតនា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិព្រែកតានូ  សង្កាត់ចាក់អង្រែលើ  ខណ្ឌមានជ័យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ភ្នាក់ងារ “ខេមប៉ុស្តិ៍” បានដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត PRIUS មួយគ្រឿង បើកបរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីលិចមកកើត ក្នុងល្បឿនយឺតល្មម លុះមកដល់ចំណុចកើតហេតុខាងលើ  មានបុរសជនជាតិចិន ម្នាក់ កំពុងកាន់ទូរស័ព្ទចុច ហើយដើរឆ្លងផ្លូវពីជើងមកត្បូង ខណៈផ្លោះរបាំងថ្មបានហើយ  បម្រុងដើរឆ្លងអោយផុត ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក Smash REVO ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BV-5713 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿនស្លេវ បានវ៉ាជែងមកខាងឆ្វេងដៃ ទើបជ្រុលទៅបុកបុរសជនជាតិចិននោះពេញទំហឹង ខ្ទាតម៉ូតូជាង២០ម៉ែត្រ បណ្ដាលឲ្យជនជាតិចិនបាក់ជើងខាងស្ដាំត្រឹមកំភួនជើង និងបែកមុខធ្ងន់ធ្ងរ ឈាមហូរទាំងថ្លុក ចំណែកឯបុរសម្ចាស់ម៉ូតូ ខ្ទាតបោកនឹងថ្នល់បែកក្បាលឈាមជោកខ្លួន  ត្រូវបានបងប្អូនប្រជាពលរដ្ឋ  និងកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែលើ ជួយសង្គ្រោះបឋម និងទាក់ទងរថយន្តគិលានសង្គ្រោះមកដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុ គេឃើញរថយន្តគិលានសង្គ្រោះរបស់មន្ទីរសម្រាកព្យាបាល "ហុងហាក់ " បានមកដឹកជនរងគ្រោះទាំងពីរនាក់ បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យផងដែរ។ ចំណែកម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំធ្វើការដោះស្រាយ តាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post