header ads

Sponsor

កណ្ដាលៈ ពលរដ្ឋពិតជាមានការភ័យខ្លាច និងព្រួយ​បារម្ភពីសុវត្ថិភាពពួកគាត់ខ្លាំងណាស់ ខណៈដែលក្រុមចោរកាប់ប្លន់យកម៉ូតូដ៏សកម្មមួយក្រុម ធ្វើសកម្មភាពកាប់ប្លន់ម៉ូតូបានសម្រេចចំនួន​៦លើក បែរជាសមត្ថកិច្ចនគរបាលខេត្តកណ្ដាល ចាប់បានជនសង្ស័យតែម្នាក់គត់ រីឯ៥នាក់ទៀត កំពុងរត់គេចខ្លួន ឬក៏អាចសម្ងំលាក់ខ្លួន ដើម្បីធ្វើសកម្មភាពទៀត ក៏ថាបាន។

ជនសង្ស័យកាប់ប្លន់ម៉ូតូម្នាក់​ ក្នុងចំណោមបក្ខពួក៦នាក់ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួល ធ្វើការឃាត់ខ្លួនបាន កាលពីម៉ោង១៖៣០នាទីរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ៥១ ភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល ក្រោយធ្វើសកម្មភាពកាប់ប្លន់ម៉ូតូពី​ជនរងគ្រោះឈ្មោះ ផន ផល្លា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកពេទ្យសត្វ ស្នាក់ នៅភូមិអំពិលទឹក ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើនេះឈ្មោះ ផាត តុលា ហៅថៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ជាអ្នកបើកម៉ូតូ និងជាអ្នករៀបចំផែនការធ្វើសកម្មភាព។ ចំណែកជនសង្ស័យ៥នាក់ទៀត ដែលកំពុងរត់គេចខ្លួន ទី​១-ឈ្មោះ កា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដនៅម្តុំបាសិទ្ធ។ ២-ឈ្មោះ ដា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ នៅម្តុំភ្នំបាសិទ្ធ។ ចំពោះ៣នាក់ទៀត មិនស្គាល់ឈ្មោះ ជាមិត្តរបស់ឈ្មោះកា និងឈ្មោះដា។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានចេញពីកន្លែងចាប់មាន់នៅភូមិស្រែកាច់ ឃុំទួលព្រេជ ដើម្បីទៅផ្ទះ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជួបជនសង្ស័យជិះម៉ូតូឌុបគ្នាមកទន្ទឹម ហើយធាក់មួយជើង បណ្តាលឲ្យដួលម៉ូតូ រួចជនសង្ស័យម្នាក់ រត់ចុះមកកាប់ជនរងគ្រោះ១កាំបិតចំកំភួនដៃខាងឆ្វេង ពេលនោះជនរងគ្រោះបានរត់គេច ហើយជនសង្ស័យនាំគ្នាលើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួន។

ក្រោយកើតហេតុ ជនរងគ្រោះបានប្តឹងមកសមត្ថកិច្ច ភ្លាមនោះកម្លាំងបានធ្វើការដេញតាម និងពួនស្ទាក់ លុះដល់ចំណុចភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ទើបឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ផាត តុលា ហៅថៃ ព្រមទាំងដកហូតម៉ូតូ២គ្រឿង មួយគ្រឿង​ម៉ាកសង់២០១៨ ពណ៌ខ្មៅ ពាក់ស្លា​កលេខកំពង់ស្ពឺ1K-9223 របស់ជនរងគ្រោះមកវិញ និងមួយគ្រឿងទៀតម៉ាកសង់២០១៨ ឡើងតែម២០១៩ ពណ៌មាសគ្មានស្លាកលេខ ជារបស់ជនសង្ស័យ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយថា បក្ខពួកខ្លួនមានគ្នាចំនួន៦នាក់បានធ្វើសកម្មភាពចំនួន៤លើក នៅផ្លូវជាតិលេខ៥១ ចំនួន៤លើក៖

លើកទី១-នៅថ្ងៃទី២៨.០៦.២០១៩ ម៉ោង២៣.១០នាទី នៅចំណុចភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

លើកទី២-នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ម៉ោង០១.៣០  នាទី នៅចំណុចផ្លូវជាតិលេខ៥១ ភូមិត្រពាំងកក់ ឃុំសំរោង លើ ស្រុកអង្គស្នួល ខេត្តកណ្ដាល និង២លើកទៀតនៅខាងលិចផ្សារថ្នល់ទទឹងស្រុកសំរោងទងខេត្តកំពង់ស្ពឺ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post