header ads

Sponsor

សៀមរាបៈ ម្ចាស់ដីម្នាក់ បានចាក់ដីលុបចំណីប្រឡាយមេរបស់ស្ទឹងរលួសអស់មួយចំហៀងដើម្បីសាងសង់ផ្ទះ ហើយករណីនេះត្រូវបានពលរដ្ឋ នាំគ្នារិះគន់ថា អាជ្ញាធរមិនគួរទុកឲ្យម្ចាស់ដីម្នាក់នេះ ចាក់ដីលុបចំណីប្រឡាយសាធារណៈស្រេចតែអំពើចិត្តយ៉ាងដូច្នេះនោះទេ។

ទីតាំងចាក់ដីលុបចំណីប្រឡាយមេជាប់ស្ពាន”អ្នកតាកង្កែប” ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិក្នុងភូមិអូរជញ្ជៀន ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានម្ចាស់ដីឈ្មោះ ញោះ មុខរបរអ្នករកលក់ដូរនៅផ្សារអង្គ្រង។

ពលរដ្ឋម្នាក់ រស់​នៅភូមិអូរជញ្ជៀន បានប្រាប់អ្នកកាសែតថា “គាត់ជិះម៉ូតូ តាមផ្លូវនេះរាល់ថ្ងៃ ហើយបានឃើញគេចាក់ដីលុបចំណីប្រឡាយមេ យ៉ាងដូច្នេះគាត់មានការខឹងសម្បារនឹងអាជ្ញាធរដែនដី ថាហេតុអីបានជាលោកមេភូមិ មេឃុំ និងស្រុក មិនមើលការចាក់ដីលុបប្រឡាយមេនេះផង”។

ពលរដ្ឋខាងលើ បន្តថា ប្រឡាយមេនេះមានសារសំខាន់ខ្លាំងណាស់ ក្នុងការរំដោះទឹកជំនន់ ពោលគឺថាប្រឡាយមេនេះមានមុខទឹកធំអាចនាំទឹកហូរមកពីតំបន់ជួរភ្នំផ្សេងៗមកធ្លាក់ក្នុងស្ទឹងរលួស រួចហើយធ្លាក់ទៅតំបន់បឹងទន្លេសាប។ គាត់​បន្តថា បើម្នាក់ៗនាំគ្នាចាក់ដីតែរបៀបនេះ ពេលទឹកជំនន់មក ពិតជាអាចជួបនូវការលំបាកហើយ។

ពលរដ្ឋបានសំណូមពរទៅលោក សូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ដែលទើបនឹងឡើងកាន់តំណែងថ្មីនោះ អាចជួយរកវិធីណាមួយទប់ស្កាត់ការចាក់ដីរំលោភលើចំណីផ្លូវនឹងប្រឡាយទឹកផង ព្រោះក្រុមមនុស្សមួយចំនួនកំពុងផ្គើនទៅនឹងផ្លូវច្បាប់យ៉ាងក្រអើតក្រទម ព្រោះតែអាងអំណាចបុណ្យស័ក្តិខ្លួនឯង និងបងប្អូន។

ទាក់ទិននឹងករណីនេះដែរ មិនអាចទាក់ទងសុំការពន្យល់ពីលោក អ៊ុ វង់ មេឃុំរលួសបាននោះទេ។ ចំណែកលោកសូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ដែលទើបនឹងឡើងកាន់តំណែងថ្មីថ្មោងនោះ ក៏មិនអាចទាក់ទងសុំការពន្យល់បានដែរ នារសៀលថ្ងៃទី១៨ ខែកក្កដាកន្លងទៅ ដោយខលចូលជាច្រើនដងតែគ្មានអ្នកទទួល។

ប៉ុន្តែករណីនេះមន្ត្រីរាជការម្នាក់នៅស្រុកប្រាសាទបាគង បានឲ្យដឹងថា ពិតជាមានករណីចាក់ដីរំលោភលើចំណីប្រឡាយខាងលើនោះមែន ហើយពេលនេះលោកអភិបាលស្រុក បានបញ្ជាកម្លាំងជំនាញចុះទៅត្រួតពិនិត្យរួចហើយ តែមិនទាន់ដឹងលទ្ធផលយ៉ាងណានោះទេ។

មន្ត្រីដដែលបន្តថា ទីតាំងនោះមិនសូវប៉ះពាល់ដល់ការហូរទឹកតាមប្រឡាយប៉ុន្មានទេ ចឹងហើយបានជាអាជ្ញាធរមិនសូវអើពើ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post