Sponsor

ភ្នំពេញៈ បន្ទាប់ពីទទួលបានបទបញ្ជាពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ រួចមក នាយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនៃអធិការនគរបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងនគរបាលចម្រុះនៃអធិការដ្ឋានខណ្ឌមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ និងកម្លាំង សណ្ដាប់ធ្នាប់ សាលាខណ្ឌមានជ័យ បានដាក់គោលដៅនៅចំណុចមុខ សកលវិទ្យាល័យ អន្តរជាតិ ISPP ផ្លូវ៣០ម៉ែត្រ  ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដើម្បីចុះប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍ លើអ្នកបើកបរម៉ូតូ ឬម៉ូតូកង់បី អត់ពាក់មួកសុវត្ថិភាព ណែនាំអោយបេីពាក់មួកសុវត្ថិភាពអោយបានទាំងអស់គ្នា តែបើមិនពាក់មួកសុវត្ថិភាពទេ  សមត្ថកិច្ចនឹងឃាត់ទុកមិនអោយបន្តដំណើរទៅមុខទៀតឡើយ រហូតដល់ពេលគាត់ទៅយកមួកសុវត្ថិភាពមកពាក់ ទើបអោយបន្តដំណើរទៅមុនបន្ត ប៉ុន្តែរយៈពេលមួយខែចាប់ពីថ្ងៃផ្សព្វផ្សាយដំណឹងនេះគឺមិនមានការផាកពិន័យជាទឹកប្រាក់ឡើយ។

សូមបញ្ជាក់ផងដែរ កាលពីថ្ងៃអាទិត្យ ៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវ នឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងស្នងការ នគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំ ដោយមានការចូលរួមពីលោក លោកស្រី ស្នងការរងអធិការខណ្ឌទាំង១៤ រួមទាំងការិយាល័យ ដែលពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយ និងណែនាំ ទាក់ទងទៅ និង២ករណីផ្សេងគ្នា ដូចខាងក្រោម ៖

១. អ្នកបើក និងអ្នកជិះម៉ូតូត្រូវតែពាក់មួកសុវត្ថិភាពជាប្រចាំ ទាំងពេលយប់ និងពេលថ្ងៃបើមិន ពាក់មួកសុវត្ថិភាពទេ សមត្ថកិច្ចនឹងឃាត់ទុកមិនអោយបន្តដំណើរទៅមុខទៀតឡើយរហូត ដល់ពេលគាត់ទៅយកមួកសុវត្ថិភាពមកពាក់ ប៉ុន្តែរយៈពេលមួយខែចាប់ពីថ្ងៃផ្សព្វផ្សាយដំណឹងនេះ គឺមិនមានការផាកពិន័យឡើយ។

២. ចាប់ពីថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ តទៅកម្លាំងចម្រុះរបស់ការិយាល័យចរាចរណ៍ផ្លូគោកសហការជាមួយកម្លាំងតាមបណ្តាខណ្ឌនានា និងធ្វើការត្រួតពិនិត្យជាប្រចាំនៅគ្រប់ផ្លូវចេញចូលក្រុងទៅលើអ្នកបើកបរ និងព្រូរថយន្តធំ ដើម្បីត្រួតពិនិត្យរកសារធាតុញៀន និងជាតិ ស្រវឹងបើរកឃើញ កម្លាំង និងឃាត់រថយន្តទុក និងនាំខ្លួនអ្នកបើកបរ និងព្រូយកទៅ មជ្ឈមណ្ឌលកែប្រែ និងបន្សាបគ្រឿងញៀន សូមក្រុមហ៊ុនដឹកជញ្ជូន ក៏ដូចជាសមាគមន៍អ្នក ដឹកជញ្ជូនទាំងអស់ចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អោយមានប្រសិទ្ធភាពខ្ពស់។

គួររំលឹកផងដែរនៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរផ្លូវគោកបានថ្លែងថា ទោះបីក្នុងកាលៈទេសៈណាក៏ដោយអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ពេលបើកបរ នឹងត្រូវឃាត់មិនឲ្យធ្វើដំណើរទៅមុខទាល់តែទាក់ទងរកមួកសុវត្ថិភាពមក ពាក់សិន ទើបអនុញ្ញាតឲ្យធ្វើដំណើរទៅមុខបន្ត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor