header ads

Sponsor

ភ្នំពេញៈ បុរសចំណាស់ម្នាក់ បើក​រថយន្ត Highlander ក្នុងល្បឿនលឿន បានជ្រុលចង្តូតទៅបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង ខ្ទេចតែរថយន្តអស់មួយកំណាត់មុខ តែប៉ុណ្ណឹង  របាំងថ្មខូច​តិចតូច ចំណែកអ្នកបើកបររថយន្តរងរបួស ត្រូវបានបងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ច ហៅរថយន្តសង្គ្រោះមកដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង១១៖០៥នាទីយប់ថ្ងៃអង្គារ៍ ទី២ ខែកក្កដា  ឆ្នាំ២០១៩ (ត្រង់ចំណុចទល់មុខស្ថានទូតជប៉ុន) តាមបណ្តោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសចំណាស់ម្នាក់ បានបើករថយន្តមួយគ្រឿង ម៉ាក Highlander ពណ៌ស្ករ ពាក់ស្លាកលេខកណ្តាល 2A-9828 ធ្វើដំណើរតាមផ្លូវព្រះនរោត្តម ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុកទ្រូងផ្លូវពេញមួយទំហឹង ខ្ទេចរថយន្តផ្នែកខាងមុខយ៉ាងដំណំ និងបែកធុងប្រេងហូរហៀរប្រេងពេញផ្លូវ ចំណែករបាំងថ្មគ្រាន់តែបែកបាក់បន្តិចបន្តួចប៉ុណ្ណោះ។

ប្រភពខាងលើ បាន​បន្ថែមទៀតថា ភ្លាមនោះគេឃើញបុរស ដែលជាអ្នកបើករថយន្តបានរងរបួស ទើបត្រូវបានប្រជាពលរដ្ឋ ជួយសង្គ្រោះគ្រាចេញពីរថយន្ត ហើយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានហៅរថយន្តសង្គ្រោះគ្លីនិកឯកជន ហុងហាក់  មកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយមក គេឃើញបុរសម្នាក់  ដែលសមត្ថកិច្ចសាកសួរ ហើ​យបានអោយដឹងថា គាត់កូនប្រសារបស់បុរសម្ចាស់រថយន្ត ដោយបានបង្ហាញអត្តសញ្ញាណប័ណ្ណឲ្យ​សមត្ថកិច្ចដឹង រួចប្រាប់ថា ឪពុករបស់គាត់ ទើ​បចេញពីហូបការគេ ហើយក៏បើកទ្វាររថយន្តប្រមូលឯកសារ រួមទាំងរបស់ផ្សេងៗលើរថយន្តយកទៅរក្សាទុកបាត់​។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទន្លេបាសាក់ និងសមត្ថកិច្ចផ្នែកវាស់វែងនៃអធិការនគរបាលខណ្ឌចំការមន  បានចុះមកកន្លែងកើតហេតុ រួចទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយសងកាតខូចខាតទ្រព្យសម្បត្តិរដ្ឋទៅតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post