header ads

Sponsor

ភ្នំពេញៈ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឆ្លើយតបទៅសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ថា ការដឹកជញ្ជូនទំនិញមានភាពយឺតយ៉ាវ មិនមែនដោយសារការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនោះទេ តែមកពីអ្នកបើកបរឲ្យក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន មិនគោរពច្បាប់ចរាចរណ៍ និងមិនសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច។

នាពេលថ្មីៗនេះ GMAC ស្នើសុំរាជរដ្ឋាភិបាលឲ្យមានដំណោះស្រាយបណ្តោះអាសន្ន ជាមួយសមាគមអ្នកដឹកជញ្ជូនកម្ពុជា (CAMTA) ពាក់ព័ន្ធនឹងការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍របស់គណៈកម្មការជាតិសុវត្ថិភាពចារាចរណ៍ផ្លូវគោក ពីព្រោះសមាជិករបស់ GMAC បាន និងកំពុងក្លាយទៅជាជនរងគ្រោះក្នុងបញ្ហានេះ ដោយមិនដឹងខ្លួន។ វត្ថុធាតុដើមនាំចូល និងផលិតផលសម្រេចនាំចេញជាច្រើន របស់សមាជិក GMAC ត្រូវបានកកស្ទះ ដែលនឹងអាចបង្កឲ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ ក៏ដូចជាទំនុកចិត្តពីសំណាក់អ្នកបញ្ជាទិញលើភាពអាចទុកចិត្តបាន ស្តីពីប្រសិទ្ធភាព នៃការផ្គត់ផ្គង់ទំនិញបានទាន់ពេលវេលា។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពនៃការអនុវត្តយន្តការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងប័ណ្ណបើកបររបស់អ្នកបើកបររថយន្តដឹកទំនិញចេញ-ចូលកំពង់ផែព្រះសីហនុ និងកំពង់ផែភ្នំពេញ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ហ៊ឹម យ៉ាន មានប្រសាសន៍ថា “កិច្ចការនេះ (ការដឹកជញ្ជូនទំនិញយឺតយ៉ាវ) មិនមែនយឺតយាវ ដោយសារតែការឹតបន្ដឹងច្បាប់នេះទេ។ យឺតយ៉ាវដោយសារតែក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់យានយន្ដហ្នឹង គឺថា មិនគោរពច្បាប់ចរាចរណ៍ មិនមែនមកពីសមត្ថកិច្ចទេ ឡានដែលគោរពពិនិត្យតែ២នាទី ត្រូវឆ្លងផុតពីការត្រួតពិនិត្យហើយ”។

លោកបានសំណូមពរដល់ក្រុមហ៊ុនដឹកជញ្ជូនទំនិញទាំងអស់ គោរពច្បាប់ចរាចរណ៍ ធានាលក្ខណៈបច្ចេកទេសយានយន្តឲ្យបានត្រឹមត្រូវ តាមច្បាប់កំណត់ និងមានឯកសារគ្រប់គ្រាន់ ត្រឹមត្រូវតាមច្បាប់កំណត់។

បន្ថែមពីនេះ GMAC អំពាវនាវឲ្យក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនទំនិញធុនធ្ងន់ទាំងអស់ ព្យាយាមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានពេញលេញ ដើម្បីធានាសុវត្ថិភាពលើផ្លូវសាធារណៈ និងធានាបាននូវនិរន្តរភាព នៃការផ្តល់សេវាឯកជនដល់អតិថិជនរបស់ខ្លួន។

សូមរំឭកថា ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងប័ណ្ណបើកបរនៅកំពង់ផែភ្នំពេញ និងកំពង់ផែព្រះសីហនុ ក្នុងរយៈពេល១៥ថ្ងៃ ក្រុមការងារត្រួតពិនិត្យរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ បានចុះត្រួតពិនិត្យរថយន្ដធុនធំ១៩៥៩គ្រឿង នៅចំណុចកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តព្រះសីហនុ ក្នុងនោះរកឃើញរថយន្ដខុសបច្ចេកទេសចំនួន២២៤គ្រឿង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post