
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ ទូរទស្សន៍ហង្សមាស HDTV បានចេញលិខិតសុំទោសជាសាធារណៈ ចំពោះកំហុសឆ្គងដែលកើតមានឡើងដោយអចេតនា ក្នុងកម្មវិធី «ឋានសួគ៌ ឬឋាននរក» ពាក់ព័ន្ធទៅនឹងសំណួរ ផ្លូវគោក នៅក្នុងប្រទេសកម្ពុជា ដោយបានទទួលស្គាល់ថា ខ្លួនពិតជាមានការភ័ន្ដច្រឡំដោយខ្លួនឯង ទៅលើសំណួរនេះ ហើយក៏ទទួលស្គាល់ទៀតថា ផ្លូវគោកនៅក្នុងប្រទេសកម្ពុជា ពិតជាមាន២ប្រភេទប្រាកដមែន និងបានសម្រេចឲ្យបេក្ខជនដែលឆ្លើយសំណួរនេះ គឺគាត់អាចបន្តទៅសំណួរបន្តក្នុងកម្មវិធីនៅរដូវកាលទី២។
ដោយឡែកសំណួរដែលបានចោទសួរនោះ កម្មវិធីចង់ផ្ដោតទៅលើ «ផ្លូវថ្នល់» ជាសំខាន់ តែដោយសារការតាំងសំណួរមានការភ័ន្ដច្រឡំ ដោយប្រើពាក្យខុស ទើបធ្វើឲ្យអត្ថន័យ នៃសំណួរ និងចម្លើយមានការប្រែប្រួល។
កម្មវិធី «ឋានសួគ៌ ឬឋាននរក» ក៏បានបង្ហាញនូវការសោកស្ដាយ ដែលមិនបានរកឯកសារមួយទៀត ដែលមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា មកបញ្ជាក់ឲ្យកាន់តែច្បាស់ថា ផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា មានប៉ុន្មានប្រភេទពិតប្រាកដ។
លើសពីនេះ កម្មវិធី «ឋានសួគ៌ ឬឋាននរក» បានបន្ថែមថា រាល់សំណួរ និងចម្លើយ ព្រមទាំងខ្លឹមសារនៃការបកស្រាយ ក្នុងកម្មវិធីសុទ្ធតែបានរៀបរៀបដោយក្រុមការងារ មិនពាក់ព័ន្ធនឹងពិធីការិនី ចាន់ កែវនិមល ឡើយ៕

