
ព្រះសីហនុៈ ស្រ្តីម្នាក់ បានស្លាប់ភ្លាមៗ ក្រោយពីត្រូវរថយន្ដដឹកដីបុកពីក្រោយ ខណៈគាត់កំពុងដើរលើផ្លូវជាតិលេខ៤។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧យប់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៩ កើតហេតុនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ម្ដុំចំណោតយាយម៉ៅ ស្ថិតក្នុង ភូមិ០៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ។
យោងតាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានអោយដឹងថា ស្ត្រីរងគ្រោះឈ្មោះ ញឿង អាយុ៥ ឆ្នាំ មិនមានមុខរបរ មុនពេលកើតហេតុ គេឃើញគាត់ដើរតាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងទិសដៅពីកើតទៅលិច ខណៈពេលទៅដល់ចំណុចកន្លែងកើតហេតុ ក៏មានរថយន្ដ១ គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទដឹកដី ពាក់ស្លាកលេខចង្កូតស្ដាំ PP-1535 សង្ស័យដាច់ហ្វ្រាំងបន្ទាប់មកក៏ជ្រុលទៅបុកស្រ្តីរងគ្រោះពីក្រោយ បណ្ដាលឲ្យគៀបជាប់ខាងក្រោមរថយន្ដ ស្លាប់យ៉ាងអាណោចអាធ័ម ចំណែកតៃកុងរថយន្ដរត់គេចខ្លួនបាត់ស្រមោល បន្សល់នៅតែរថយន្ដ។
ក្រោយកើតហេតុ សាកសពស្រ្តីរងគ្រោះ ត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យនៅវត្តក្រោម ចំពោះរថយន្ដ ត្រូវសមត្ថកិច្ចធ្វើការវាស់វែងនឹងយកទៅរក្សាទុក ដើម្បីស្រាវជ្រាវរកម្ចាស់ចូលខ្លួនមកដោះស្រាយ៕




