header ads

Sponsor

ភ្នំពេញៈ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ឲ្យដឹងថានៅក្នុងអាណត្តិនេះ អាជ្ញាធរភ្នំពេញ បានបំបាត់ហើយ ពាក្យថា ការរកចៅសង្កាត់ពិបាកជាងរករដ្ឋមន្ត្រី ដោយរដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតក្រុមការងារបដិសណ្ឋារកិច្ចមួយ ដើម្បីបម្រើប្រជាពលរដ្ឋ ពេលដែលពួកគាត់មានបញ្ហាត្រូវពឹងពាក់។

លោក ឃួង ស្រេង បានបន្តទៀតថា សម្រាប់នៅរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជានៅតាមរដ្ឋបាលខណ្ឌទាំង១៤ គឺសុទ្ធតែមានការិយាល័យច្រកចេញចូលតែមួយ ដើម្បីបម្រើ​សេវាឲ្យនៅកៀកជិតជាមួយប្រជាពលរដ្ឋ ។ ចំណែកឯនៅថ្នាក់សង្កាត់វិញ គឺមិនមានច្រកចេញចូលតែមួយនោះទេ តែយើងបានបង្កើតក្រុមការងារបដិសណ្ឋារកិច្ចមួយ ដើម្បីដោះស្រាយ ក៏ដូចជាការផ្ដល់សេវាជូនប្រជាពលរដ្ឋ ដែលក្រុមការងារនេះ មានចៅរងសង្កាត់ម្នាក់ជាអ្នកប្រចាំការ ចាំជួប និងដោះស្រាយ។ ដូច្នេះពាក្យថា ការរកចៅសង្កាត់ពិបាកជាងរករដ្ឋមន្ត្រី បានបំបាត់ហើយនៅក្នុងអាណត្តិនេះ។

ការបញ្ជាក់របស់លោក ឃួង ស្រេង បែបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ខណៈលោកអញ្ជើញទៅធ្វើបាឋកថា និងសំណេះសំណាល ស្តីពីរចនាសម្ព័ន្ធចាត់តាំង តួនាទី ភារកិច្ច របស់រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងបទពិសោធន៍ការងារ ដល់យោធាចារ្យ នាយទាហាន នាយទាហានរង ពលទាហាន និង និស្សិតនាយទាហានសកម្មជិត១ពាន់នាក់ នៅសាលានាយទាហានសកម្ម (ត្មាតពង)។

លោក ឃួង ស្រេង ក្នុងឱកាសនោះក៏បានមានប្រសាសន៍លើកឡើងពាក់ព័ន្ធ និងបាឋកថានេះថា រាជធានីភ្នំពេញ មានខណ្ឌ ចំនួន១៤សង្កាត់ចំនួន ១០៥ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ សង្កាត់និងខណ្ឌទាំងអស់សុទ្ធតែមានគណៈបញ្ជាការឯកភាពរបស់ខ្លួន ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋក៏ដូចជាកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានរំលឹកពីវីរភាពដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខដឹកនាំកំពូលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីរំដោះប្រទេសជាតិចេញពីភ្លើងសង្រ្គាម និងដឹកនាំកសាងប្រទេសពីបាតដៃទទេ រហូតដល់សពថ្ងៃនេះ មានការអភិវឌ្ឍន៍ រីកចំរើនលើគ្រប់វិស័យ។

លោក ឃួង ស្រេង ស្នើអោយនាយទាហានទាំងអស់ ចេះគិតពិចារណា និងហ៊ាននិយាយការពិតនៅចំពោះមុខប្រវត្តិសាស្រ្តចំពោះមេដឹកនាំរបស់ខ្លួន និងបន្តការពារស្ថាបនិកសន្តិភាពរបស់កម្ពុជារូបនេះ អោយបានគង់វង្សយូរអង្វែង ដើម្បីបន្តដឹកនាំប្រទេសឱ្យកាន់តែរីកចំរើនថែមទៀត។

លោកឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម បានជម្រាបជូននូវរាយការណ៍អំពីប្រវត្តិសាលានាយទាហានសកម្មនិងការងារបានអនុវត្តកន្លងមកថា សាលានាយទាហានសកម្ម ជាមជ្ឈមណ្ឌលហ្វឹកហ្វឺនមួយ របស់កងយោធពលខេមរភូមិន្ទដែលត្រូវបានបង្កើតឡើងនាសម័យដែលប្រទេសកម្ពុជា ស្ថិតក្រោមរបអាណាព្យាបាលបារាំង ឆ្នាំ១៩៤៥។ ប៉ុន្តែត្រូវបានរលាយទាំងស្រុងទៅវិញឆ្នាំ១៩៧៥ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត។ ក្រោយថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ របបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានបង្កើតសាលាយោធាមួយនេះឡើងវិញ នៅខែឧសភា ឆ្នាំ១៩៧៩ និងមានឈ្មោះថា សាលាបណ្ដាសក្ដិ រួចបានប្តូរជាសាលាទ័ពជើងគោក ដែលមានទីតាំងនៅក្រសួងពាណិជ្ជកម្មបច្ចុប្បន្ន។ នៅឆ្នាំ១៩៨៦ សាលាបានប្តូរទីតាំងមកទីនេះរហូតដល់បច្ចុប្បន្ន ស្ថិតនៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានឈ្មោះថា សាលាទ័ពជើងគោកចម្រុះ ។ នៅក្នុងរយៈពេលនោះសាលាបានទទួលការគាំទ្រលើការងារហ្វឹកហាត់ ពីកងទ័ពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម រហូតដល់ឆ្នាំ១៩៨៩។ នៅឆ្នាំ១៩៩៨សាលាបានរៀបចំនិងកែសម្រួលឡើងវិញ ជាសាលានាយទាហាន ដោយបានទទួលការគាំទ្រ ការងារហ្វឹកហាត់ពីកងទ័ពនៃសាធារណរដ្ឋ បារាំង រហូតដល់ឆ្នាំ២០១០។

លោកឧត្តមសេនីយ៍បន្តថា នៅឆ្នាំ២០០៣ យោងតាមអនុក្រឹត្យលេខ៥៥ អនក្រ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៣ បានប្តូរឈ្មោះពីសាលានាយទាហាន ទៅជាសាលានាយទាហានសកម្មដែលមានកម្រិតស្មើនិងគ្រឹះស្ថានឧត្តមសិក្សា ស្ថិតក្រោមការធានារបស់ក្រសួងការពារជាតិ និងក្រោមការដឹកនាំលើការងារហ្វឹកហ្វឺនដោយទីចាត់ការហ្វឹកហ្វឺនពីអគ្គបញ្ជាការ។ សាលានាយទាហានសកម្ម បានសហការដោយផ្ទាល់ជាមួយនិង ក្រសួងអប់រំយុវជន និងកីឡា លើមុខវិជ្ជាចំណេះដឹងទូទៅផងដែរ។

លោកឧត្តមសេនីយ៍នាយកសាលាបន្តទៀតថា ចាប់ពីឆ្នាំ១៩៩៥ ដល់២០១៩ សាលាបានបណ្តុះបណ្តាលនាយទាហានសកម្មបានចំនួន១៥វត្ត ដែលមានាយទាហានចំនួន១៥៨២នាក់ (ស្រី១០៦នាក់)បានចេញពីសាលានាយទាហានសកម្ម ទៅបម្រើការងារ តាមបណ្តាកងឯកភាពនានា។

គួរបញ្ជាក់ថា ក្នុងពិធីនោះដែរលោក ឃួង ស្រេង និង ប្រតិភូសាលារាជធានីភ្នំពេញ ក៏បាននាំនូវអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ទៅផ្តល់ជូននាយទាហានជាសិក្ខាកាម ព្រមទាំងបានផ្តល់នូវថវិកាសម្រាប់កសាងរបងប៉ែកខាងត្បូងសាលានាយទាហានសកម្ម និងទទួលយកសំណើរ សុំកសាងអគាររបស់នាយកសាលា មកពិនិត្យនិងពិភាក្សា ដើម្បីពិនិត្យលទ្ធភាពដោះស្រាយជូនពេលក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post