header ads

Sponsor

ភ្នំពេញៈ ទាហានជើងទឹកម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីបញ្ជូនទៅមន្ទីពេទ្យ ខណៈកំពុងដើរឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូធំមួយគ្រឿង បើកទៅបុកពេញទំហឹង រីឯអ្នកបើកម៉ូតូ រងរបួសធ្ងន់។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២៖១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចជាប់របងកំពង់ផែភ្នំពេញ ផ្លូវព្រះស៊ីសុវត្ថិ  កែងផ្លូវនារីក្លាហាន ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ  រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ហែម នៅ ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកងទ័ពជើងទឹក អគ្គបញ្ជាការដ្ឋានឋានន្តរសក្តិវរនាវីទោ សព្វថ្ងៃរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញជនរងគ្រោះ បានដើរឆ្លងផ្លូវតាមបណ្តោយផ្លូវលេខ៨៤ (វិថី នារីក្លាហាន) ទិសដៅពីលិចទៅកើត ខណៈកំពុងតែដើរឆ្លងផ្លូវ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកភូសា ពណ៌ខ្មៅលាយស ពាក់ស្លាកលេខភ្នំពេញ 1CT-9933 បើកដោយបុរសម្នាក់យ៉ាងលឿន តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីត្បូងទៅជើងមក​បុកពេញទំហឹង បណ្តាលឲ្យអ្នកដើរ និងអ្នកបុក រងរបួសធ្ងន់ទាំងសងខាង។ ភ្លាមៗនោះ ក៏មានរថយន្តសង្រ្គោះមកដឹកយកទៅមន្ទីរពេទ្យ តែអកុសល បានពាក់កណ្តាលផ្លូវ ជនរងគ្រោះជាអ្នកដើរឆ្លងផ្លូវ បានដាច់ខ្យល់ស្លាប់ ចំណែកអ្នកបើកបរម៉ូតូ រងរបួសធ្ងន់។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់ ក៏ទាក់ទងជំនាញចរាចរណ៍ក្រុងចុះមកវាស់វែងយកម៉ូតូទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលជើងគោក ចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post