header ads

Sponsor

ភ្នំពេញៈ កម្លាំងនគរបាលចម្រុះ នៃអធិការដ្ឋានខណ្ឌមានជ័យ បានចុះបង្ក្រាបល្បែងជល់មាន់ដុះស្លែមួយកន្លែង ដែលលាក់ខ្លួនពួន សម្ងំក្នុងព្រៃជ្រៅ ដោយឃាត់ខ្លួនអ្នកលេង៥នាក់ និងអ្នកកាសែត៤នាក់ ហើយថែមទាំងរកឃើញវត្ថុតាងមាន់ចំនួន៣ក្បាល ម៉ូតូចំនួន៤គ្រឿង ចានអាប៉ោង១ ខ្នាយដែក២ដើម រួមទាំងនាមប័ណ្ណ និងកាតអ្នកកាសែតជាច្រើនអង្គភាពមួយចំនួនធំទៀត ដែលជាអ្នកយកលុយដាក់ខែ ពីទីតាំងល្បែងស៊ីសងជល់មាន់ខុសច្បាប់នេះ។

ប្រតិបត្តិការបង្ក្រាបទីតាំងជល់មាន់ខុសច្បាប់នេះ ធ្វើឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ នៅចំណុចព្រៃជ្រៅ ស្ថិតក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកវេសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានថ្លែងប្រាប់ថា ចំពោះទីតាំងមួយនេះ គឺកើតឡើងយូរហើយ តែសមត្ថកិច្ចរៀបចំកម្លាំងទម្រាំបង្ក្រាបបាន គឺមានការលំបាកណាស់ ព្រោះទីតាំងស្មុគស្មាញ ក្នុងព្រៃជ្រៅ។ ជាមួយគ្នានេះ លោក បញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួនអ្នកលេង៥នាក់ និងអ្នកកាសែត៤នាក់ ដែលនឹងត្រូវបញ្ជូនទៅតុលាការទាំងអស់។ លោកអធិការបន្តថា អ្នកកាសែតទាំងនេះ គឺមកលេងជល់មាន់ផង និងមកយកលុយពីល្បែងទាំងនេះផង ទោះបីយ៉ាងណាលោកអធិការ បញ្ជាក់ថា ពុំទាន់ស្គាល់អត្តសញ្ញាណម្ចាស់ទីតាំងនៅឡើយទេ ដោយកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន។

ជាការកត់សម្គាល់ក្នុងការបង្ក្រាបនេះ គឺសមត្ថកិច្ចរកឃើញកាត និងនាមប័ណ្ឌអ្នកកាសែតជាច្រើន ដែលសុទ្ធសឹងជាអ្នកយកលុយដាក់ខែ ពីទីតាំងល្បែងស៊ីសងជល់មាន់ខុសច្បាប់ទាំងនេះ។

ជនសង្ស័យដែលឃាត់ខ្លួនរួមមាន៖ ទី១-ឈ្មោះ ទិត វិចិត្រ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៤៦៩ ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុខរបរ បុគ្គលិកក្រុមហ៊ុន (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន)។ ទី២- ឈ្មោះ ឡុង តារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ៣៧១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ មុខរបរ ជាងកញ្ចក់ (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន)។ ទី៣-ឈ្មោះ គឹម ង៉ែតសុពល ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន)។ ទី៤-ឈ្មោះ ហូ ផល ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុខរបរ បុគ្គលិកក្រុមហ៊ុន (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន)។ ទី៥-ឈ្មោះ សឿន សុង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល មុខរបរ រត់ម៉ូតូកង់បី (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន)។

ទី៦-ឈ្មោះ មោក យ៉េន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មុខរបរ អ្នកកាសែត ពិភពថ្មីព័ត៍មាន (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន)។ ទី៧-ឈ្មោះ ឈួន រ៉ាឈូ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មុខរបរ អ្នកកាសែត វីរៈសែនជ័យ (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន)។

ទី៨-ឈ្មោះ គ្រង រដ្ឋា ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ  អ្នកកាសែត សង្រ្គោះប្រជាពលរដ្ឋខ្មែរស្នេហាជាតិ (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន)។ ទី៩-ឈ្មោះ គឹម សាវិត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ+ឃុំ សាម៉លជ្រុំ ស្រុកស្វាយទាប ខេត្តស្វាយរៀង មុខរបរ អ្នកកាសែត អំណាចខ្មែរ (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន)។

វត្ថុតាងចាប់យក៖ សត្វមាន់ឈ្មោល(មានជល់)ចំនួន៣ក្បាល, ចានសម្រាប់លេងអាប៉ោងចំនួន១, កំរាលសម្រាប់ចាក់អាប៉ោងចំនួន១ផ្ទាំង, ជញ្ជីងថ្លឹងចំនួន១, កៅអីជ័រចំនួន៩, នាមប័ណ្ណមួយចំនួន, ខ្នាយដែកចំនួន២ដើម, ទូរស័ព្ទដៃចាស់ចំនួន១១គ្រឿង, លុយខ្មែរចំនួន៨៧០០០០រៀល (ប៉ែនសិបប្រាំពីរម៉ឺនរៀល) និងម៉ូតូចំនួន៤គ្រឿង៖ ម៉ាកវេវ ពណ៌កាប់ស្តាំង ពាក់ស្លាកលេខសារព័ត៍មាន 1K-8989, ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1I-1656 , ម៉ាកស្គូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CE-6959 , ម៉ាកសេ១២៥ ពណ៌ខ្មៅ  ពាក់ស្លាកលេខ ភ្នំពេញ 1DD-1080។

ក្រោយមកសមត្ថកិច្ចបានឃាត់ខ្លួនទាំងវត្ថុតាង យកមកប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ដើម្បីធ្វើការសួរនាំ និងធ្វើការបញ្ចូនមនុស្សចំននួ៥នាក់ រួមទាំងអ្នកកាសែត៤នាក់ និងទាំងវត្ថុតាងនិងម៉ូតូទៅតុលាការដើម្បីចាត់ការតាមច្បាប់។

គេនៅចាំបានថា កាលបង្ក្រាបល្បែងជល់មាន់ដ៏ធំនៅតំបន់អរិយក្សត្រ ខេត្តកណ្តាល ក៏សមត្ថកិច្ចរកឃើញកាតកាសែតជាច្រើនស្ថាប័នផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post