header ads

Sponsor

ភ្នំពេញៈ ករណីអំពើហិង្សាមួយបានកើតឡើង បន្ទាប់ពីផឹកស្រវឹងរៀងខ្លួន បុរសម្នាក់ ឈ្លោះប្រកែកគ្នាជាមួយប្អូនថ្លៃរបស់ខ្លួន ព្រោះតែរឿងជញ្ជាំងស័ង្កសីរបស់អ្នកជិតខាង ដាក់បាំងរំលោភចិញ្ចើមផ្លូវ ខណៈដែលប្អូនថ្លៃទៅលើកខិតឲ្យត្រឹមត្រូវ កុំឲ្យបាំងផ្លូវ បងថ្លៃក៏ស្ដីឲ្យកុំទៅប៉ះពាល់របស់គេ នាំតែមានរឿង តែប្អូនថ្លៃខឹងតមាត់មកវិញ រហូតកើតមានជម្លោះឈ្លោះប្រកែកគ្នាឡើង ឈានដល់កើតមានហិង្សា ប្អូនថ្លៃវាយបងថ្លៃបែកក្ដោងច្រមុះ និងទាញកាំបិតប៉័ងតោ ដេញកាប់គ្នាវិញ តែត្រូវបងប្អូនទាំងសងខាង ជួយចាប់និងឃាត់នាំចូលផ្ទះ បង្កការភ្ញាក់ផ្អើលដល់កម្លាំងល្បាត សហការគ្នាចុះមកជួយអន្តរាគមន៍ និងសម្របសម្រួលផ្អើលទាំងយប់។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ នៅចំណុចផ្ទះលក់ចាប់ហួយមួយកន្លែង យីហោ "ស្រីអូន លក់ភេសជ្ជៈ និងអីវ៉ាន់ចាប់ហួយគ្រប់ប្រភេទ" លើផ្លូវបេតុងលេខ៧៧BT ស្ថិតក្នុងភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់ បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គឺទាំងបងថ្លៃទាំងប្អូនថ្លៃ សុទ្ធតែផឹកស្រវឹងរៀងៗខ្លួន តែដោយសារតែរឿងជញ្ជាំងស័ង្កសីរបស់អ្នកជិតខាង ដាក់បាំងរំលោភចិញ្ចើមផ្លូវ ហើយបុរសដែលជាប្អូនថ្លៃ បានទៅលើកទាញខិតដាក់ឲ្យត្រឹមត្រូវ កុំឲ្យបាំងផ្លូវទៀត តែបុរសជាបងថ្លៃឃើញក៏ស្ដីឲ្យថា កុំទៅប៉ះពាល់របស់គេអី កុំឲ្យមានរឿងឈ្លោះគ្នាជាមួយគេ តែបែរជាប្អូនថ្លៃនៅតែលើកទាញទៀត ក៏កើតមានជម្លោះទាស់សម្ដីគ្នា ហើយប្រកែកគ្នាឡើង លើករឿងនេះរឿងនោះ ចុះឡើងៗ រហូតឈានដល់ថ្នាក់ប្រតាយប្រតប់គ្នាទៅវិញទៅមក ទើបកើតមានហិង្សាឡើងតែម្ដង ដោយប្អូនថ្លៃខឹងក៏វាយបងថ្លៃ បណ្ដាលឲ្យបែកក្ដោងច្រមុះ ទើបបុរសជាបងថ្លៃស្ទុះទៅទាញកាំបិតប៉័ងតោ ដេញកាប់វិញ តែមិនទាន់បានកាប់ទេ ស្រាប់តែមិនដឹងយ៉ាងម៉េច ក៏ឃើញ មុតជើងរយះចេញឈាហូរដូចទឹក ហើយក៏ត្រូវបានបងប្អូនទាំងសងខាងនាំគ្នា ជួយចាប់និងឃាត់នាំចូលផ្ទះ ចាក់សោរបិតទ្វារ ស្រាប់តែឃើញកម្លាំងល្បាតខណ្ឌមានជ័យ និងប៉ុស្តិ៍បឹងទំពុនទី១ សហការគ្នាចុះមកជួយអន្តរាគមន៍ និងសម្របសម្រួលបង្កការផ្អើលទាំងយប់។

កម្លាំងសមត្ថកិច្ច បានសួរនាំប្រភពព័ត៌មានពីប្រជាពលរដ្ឋ ស្រាប់តែបុរសជាប្ដីនោះ ស្រែកឡូឡាពីក្នុងផ្ទះ និងលឺសំលេងធ្លាក់កាំបិតប៉័ងតោ ផ្អើលប្រជាពលរដ្ឋដល់ពួនអស់ ទើបលេចមុខបុរសដែលជាបងថ្លៃដែលរបួសបែកមុខនោះ ចេញមករៀបរាប់ទាំងឡាំប៉ា ប្រាប់សមត្ថកិច្ចថា រូបគាត់ជាមន្ត្រីរាជការមួយរូបដែរ (តែពុំបញ្ជាក់ថា នៅអង្គភាពណានោះទេ) តែគាត់មិនសុខចិត្តទេ ព្រោះប្អូនថ្លៃរបស់គាត់បានវាយគាត់ បែកក្ដោងច្រមុះ ទោះជាស្ត្រីជាប្រពន្ធព្យាយាមរារាំង មិនឲ្យប្ដីហែកហួររឿងរ៉ាវនោះ ប្រាប់សមត្ថកិច្ចបន្តទៀតឡើយ ព្រោះវាជារឿងគ្រួសារ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ពេញកន្លែងកើតហេតុខាងលើ។

ក្រោយមកដោយសារតែស្ត្រីជាប្រពន្ធប្រាប់ថា ជារឿងគ្រួសាររបស់គាត់ទេ សូមបងៗសមត្ថកិច្ចត្រលប់ទៅវិញទៅ គាត់អាចសម្របសម្រួលក្រុមគ្រួសារគាត់បាន គាត់មិនប្ដឹងផ្ដល់នាំតែវែងឆ្ងាយទេ ទើបអូសដៃប្ដីដើរចូលក្នុងផ្ទះតែប្ដីនៅតែឡាំប៉ា មិនសុខចិត្តដដែល តែដោយមានការជួយសម្រេបសម្រួលពីកម្លាំងល្បាតខណ្ឌមានជ័យ ប្រាប់បុរសជាប្ដីដែលរងរបួសដោយសារតែត្រូវប្អូនថ្លៃវាយនោះ កុំឲ្យស្រែកឡូឡាបន្តទៀតអី ព្រោះជាការរំខានដល់អ្នកជិតខាង និងអញ្ជើញបុរសជាប្ដីទៅកាន់ប៉ុស្តិ៍ដាក់ពាក្យប្ដឹង ឲ្យសមត្ថកិច្ចធ្វើការតាមនីតីវិធីបាន។

បច្ចុប្បន្ន ដោយសារមានការសម្របសម្រួលពីសមត្ថកិច្ច ទើបបុរសជាបងថ្លៃនោះ ឈប់ស្រែកឡូឡា ដោយរងចាំម្ដាយក្មេករបស់ខ្លួនធ្វើដំណើរមក ដើម្បីសម្របសម្រួល ហើយបានទៅដាក់ពាក្យបណ្ដឹងតាមក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post