Sponsor

ភ្នំពេញៈ ការមានប្រសាសន៍ថា ឡើងលើភ្នំភ្លើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានេះ គឺចង់សំដៅថា បើទោះបីជាមានបាតុកម្មប្រឆាំងចំពោះវត្តមានរបស់សម្តេចយ៉ាងណាក៏ដោយ ក៏សម្តេចនៅតែដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសដែរ ដោយមិនចុះញុមជាមួយជនមួយក្តាប់តូចនោះឡើយ។

ការថ្លែងរបស់សម្តេចនេះ ក្រោយពីសម្តេចបានទទួលដំណឹងថា នឹងមានក្រុមអ្នកគាំទ្រអតីត គណបក្សប្រឆាំងរស់នៅក្រៅប្រទេស មានគម្រោងនាំគ្នាធ្វើបាតុកម្ម ប្រឆាំងដំណើរទស្សនកិច្ច របស់សម្ដេចតេជោ ខណៈកន្លងមកឲ្យតែសម្តេច ទៅចូលរួមកិច្ចប្រជុំ នៅប្រទេសក្នុងទ្វីបអឺរ៉ុបនេះ ក្រុមប្រឆាំងតែងតែង នាំមកធ្វើបាតុកម្មប្រឆាំង ក្នុងគ្រាអ្នកគាំទ្រសម្តេច មកទទួលស្វាគមន៍ យ៉ាងច្រើនកកកុញ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ បានឲ្យដឹងថា តបតាមការអញ្ជើញ របស់លោក រ៉ូបឺតូ អាហ្សេវេដូ អគ្គនាយកអង្គការ ពាណិជ្ជកម្មពិភពលោក (WTO) សម្តេចតេជោ នឹងអញ្ជើញចូលរួមកិច្ចប្រជុំ “ត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩” ចាប់ពីថ្ងៃទី៣-៥ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ នៅអង្គការពាណិជ្ជកម្មពិភព លោក ទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ក្រៅពីចូលរួមកិច្ចប្រជុំនេះ សម្តេចក៏មានគម្រោង ជួបសំណេះសំណាលជាមួយពលរដ្ឋ និងសិស្សនិស្សិតខ្មែរ ដែលកំពុងស្នាក់ និងសិក្សានៅប្រទេសស្វីសផងដែរ។

ក្នុងពិធីផ្ទេរការគ្រប់គ្រង សាលាកុមារ ពិការភ្នែក និងគ ថ្លង់ នៃអង្គការគ្រួសារថ្មី នៅថ្ងៃទី១ កក្កដា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ខ្ញុំមិនដឹងថា តើមានបាតុកម្មប្រឆាំងខ្ញុំឬអត់ទោះបីឡើងភ្នំភ្លើង ក៏ខ្ញុំទៅហ្សឺណែវដែរ។ ល្ងាចម៉ោង៤ ថ្ងៃទី៤ ខ្ញុំនឹងជួបពលរដ្ឋខ្មែរយើង ប្រមាណជា៧០០នាក់”។

សម្ដេចក៏បានរំលឹកថា កាលពីទៅចូលរួមកិច្ចប្រជុំនៅទីក្រុងហ្សឺណែវកន្លងមក ក៏ពួកក្រុមប្រឆាំងនៅទីនោះ ថានឹងធ្វើបាតុកម្មប្រឆាំងសម្ដេចដែរ ប៉ុន្ដែជាក់ស្តែងពេលទៅដល់ បែរជាគ្មានឃើញវត្តមានរបស់ពួកគេទៅវិញ។

ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្រ្តីបានឲ្យដឹងទៀតថា កាលពីអំឡុងទៅទស្សនកិច្ចនៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រុមគាំទ្រអតីតបក្សប្រឆាំងបែរជាយកពងមាន់ទៅគប់លើក្រុមអ្នកចាំទទួលស្វាគមន៍សម្ដេចវិញ តែនេះមិនមែនជាបញ្ហាទេ ព្រោះជាសិទ្ធិសេរីភាពរបស់ពួកគេ។ ជាងនេះទៅទៀត សម្ដេចតេជោ បានអះអាងថា ក្រុមអ្នកគាំទ្រអតីត បក្សប្រឆាំងមានចំនួនតិចជាង ក្រុមអ្នកចាំទទួលសម្ដេចទេ។

បន្ថែមពីនេះ នាយករដ្ឋមន្ដ្រីកម្ពុជា បានឌឺដងថា “ខ្ញុំបានឲ្យព័ត៌មាន ខ្ញុំទៅហ្សឺណែវនេះ ជាង៣អាទិត្យមុន។ អីចឹងល្មមរកមនុស្ស មកធ្វើបាតុកម្មបានហើយ បង្ករឿងឲ្យបានច្រើនតិច អាហ្នឹងកាន់តែល្អ ខ្ញុំមិនឌឺឲ្យអាណាទេ”។

ពាក់ព័ន្ធនឹងសិទ្ធិសេរីភាពវិញ ដែលមតិមួយចំនួនលើកឡើងថា ប្រមុខរាជរដ្ឋាភិបាល គៀបសង្កត់នោះ សម្តេចបានថ្លែងថា ពួកគេយល់ច្រឡំហើយ គឺសិទ្ធិសេរីភាពនៅកម្ពុជា មានពេញបរិបូរណ៍ ហើយសម្តេចថា ពេលសម្តេចទៅហ្សឺណែវ នឹងថ្លែងអំពីសិទ្ធិមនុស្ស នៅកម្ពុជាផងដែរ។

ទន្ទឹងនឹងនេះដែរ សម្ដេចតេជោ បានលើកឡើងថា សិទ្ធិមនុស្សសំដៅដំបូងគេ គឺសិទ្ធិរស់រានមានជីវិត មិនមែនសិទ្ធិសរសេរ លើកាសែតនោះទេ ដូច្នេះកម្ពុជាមិនឱនក្បាល នឹងការប្រៀនប្រដៅ ពីប្រទេសដទៃ ឡើយ។

សម្ដេចតេជោ បានថ្លែងថា សិទ្ធិមនុស្សមិនបាន នៅក្នុងសង្គ្រាមជាមួយកម្ពុជាឡើយ ខណៈសិទ្ធិមនុស្សមិនបាន នៅក្រោមការសម្លាប់រៀងរាល់ថ្ងៃដែរ។ កម្ពុជាជាង៤០ឆ្នាំមុន ស្លាប់ជារៀងរាល់ថ្ងៃ បន្ទាប់មកទៀត សង្គ្រាមបានបន្ដមកទៀត ដែលបណ្ដាលឲ្យមនុស្ស កាន់តែច្រើនផងដែរ ហើយសិទ្ធិមនុស្សចាប់ផ្ដើម សិទ្ធិរស់រៀនមានជីវិត។

សម្ដេចមានប្រសាសន៍ថា “ដូច្នេះហើយបានជាកម្ពុជា មិនព្រមឱនក្បាល ជានឹងការប្រៀនប្រដៅ របស់អ្នកដទៃ។ ព្រោះកន្លែងខ្លះសម្លាប់ ដោយគ្រាប់បែក គ្រាប់ប្លោង បាញ់ពីលើយន្ដហោះ មួយថ្ងៃៗងាប់អស់ប៉ុន្មានតើគេដែលគោរពសិទ្ធិដែរឬទេស្គាល់សិទ្ធិមនុស្សទេ?”។

សម្ដេចបន្ដថា សព្វថ្ងៃនេះកម្ពុជា មានការរស់រានយ៉ាងខ្លាំង ពីប្រជាជន៥លាននាក់ឡើង ដល់១៦លាននាក់ ដូច្នេះកើនឡើងបែបនេះ ដោយសារតែកម្ពុជា មានសុខសន្ដិភាពពេញលេញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor