header ads

Sponsor

ភ្នំពេញៈ​ បុរសម្នាក់ ត្រូវ​សមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ ក្រោយ​យកកូនកាំបិតចិតបន្លែ ចាក់បុរសម្នាក់ទៀត បណ្ដាលរងរ​បួស ព្រោះខឹងរឿងប្រមាថម្តាយខ្លួន។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើ​លកាលវេលាម៉ោង៦៖៣០នាទីយប់ថ្ងៃអាទិត្យ ទី១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះជួលលេខ៥៦៦ ផ្លូវលំ ក្រុមទី១២ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ជនសង្ស័យឈ្មោះ គយ គន្ធា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ មុខរបរ កម្មករសំណង់ (ផ្ទុកសារធាតុញៀន)។ ជនរងគ្រោះឈ្មោះ ហ៊ុន ហេង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ មុខរបរកម្មករសំណង់ (របួសខ្នងខាងស្តាំចំនួន២កន្លែង)។

លោក គឹម កល្យាណ អធិការរងទទួលផែនព្រហ្មទណ្ឌស្ដីទីខណ្ឌមានជ័យ បានអោយដឹងថាមុនកើតហេតុ ជនសង្ស័យដើរត្រឡប់មកពីផឹកស្រា ដល់ចំណុចមុខផ្ទះជួលលេខ៥៦៦ ផ្លូវលំ ក្រុមទី១២ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ (ចំណុចកើតហេតុ) ស្រាប់តែឃើញជនរងគ្រោះកំពុងអង្គុយលេងបៀជាមួយអ្នកជិតខាង ជនសង្ស័យក៏បានហៅជនរងគ្រោះចេញមកសួរនាំពីរឿងជេរប្រមាថម្តាយរបស់គេ ពេលនោះជនរងគ្រោះ មិនព្រមចេញមកជួប ជនសង្ស័យ បានដើរចូលទៅវាយជនរងគ្រោះ៣ដៃ បណ្តាលដួលផ្កាប់មុខទៅលើដី ហើយជនសង្ស័យបានដកកាំបិតចិតបន្លែ ចាក់ទៅលើជនរងគ្រោះត្រូវខ្នងខាងស្តាំចំនួន២កន្លែង ទន្ទឹមនោះអ្នកជិតខាងបានចូលទៅឃាត់ ជនសង្ស័យបានដើរចេញពីកន្លែងកើតហេតុ បានបន្តិចក៏គប់កូនកាំបិតចោល ពេលនោះកម្លាំងល្បាតនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានចុះទៅដល់ក៏ឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍ចាក់អង្រែលើតែម្តង។

លោក គឹម កល្យាណ អធិការរងបញ្ជាក់ថា ករណីខាងលើនេះ មូលហេតុកើ​តចេញពីការស្រវឹងស្រា បង្កទៅអំពើ​ហិង្សា អ្នករបួសចូលពេទ្យ អ្នកបង្កត្រូវជាប់ខ្នោះរបស់សមត្ថកិច្ច។

បច្ចុប្បន្នជនសង្ស័យត្រូវបាន​ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post