header ads

Sponsor

ភ្នំពេញៈ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក នៅថ្ងៃទី២ ខែកក្កដានេះ ឲ្យដឹងថា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែកក្កដានេះ ខេត្ដនៅតំបន់មាត់សមុទ្រ មានខេត្ដកោះកុង និងព្រះសីហនុ នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីបង្គួរទៅច្រើន និងមានរលកសមុទ្រខ្លាំង ដែលបង្កជាបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្ដាក់។

បើតាមក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ពីមូលហេតុនាំឲ្យមានបាតុភូតអាកាសធាតុខាងលើនេះ គឺកម្ពុជាយើង បាន និងកំពុងទទួលឥទ្ធិពលប្រព័ន្ធសម្ពាទាប (ITCZ) ដែលអូសបន្លាយលើភាគខាងជើងក្នុងទឹកដី នៃប្រទេសថៃ ឡាវ និងវៀតណាម ដោយសម្ពាធទាប (TD) ទើបនឹងកើតឡើងនៅកោះហៃណាំ។ រីឯខ្យល់មូសុងនិរតីខ្លាំង និងឥទ្ធិពលហ្វឹន (Foehn) មានល្បឿនខ្យល់ពី៧-១០ម៉ែត្រក្នុងមួយវិនាទី នៅភាគខាងក្រោមប្រទេស។

លក្ខណៈបែបនេះ នឹងធ្វើឲ្យទឹកទន្លេមេគង្គ ហក់ឡើងបន្តិច ខណៈខេត្តនៅតំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ មានភ្លៀងធ្លាក់រាយប៉ាយជាបន្តបន្ទាប់ក្នុងកម្រិតពីបង្គួរទៅច្រើន។ ឯខ្យល់លើផ្ទៃសមុទ្រ និងរលកមានកម្រិតខ្លាំង។

ចំណែកឯបណ្ដាខេត្តនៅតំបន់ខ្ពង់រាបភាគខាងជើងប៉ែកឦសាន និងជាប់ប្រទេសវៀតណាម នឹងមានភ្លៀងធ្លាក់កម្រិតពីបង្គួរទៅច្រើន ស្របពេលដែលបណ្ដាខេត្តនៅតំបន់ទំនាបកណ្ដាល និងពាយ័ព្យ នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ហើយបណ្ដាខេត្តរួមមាន កំពង់ស្ពឺ កណ្ដាល តាកែវ កំពត និងរាជធានីភ្នំពេញ អាចមានភ្លៀងពីតិចទៅមធ្យម ដោយសារឥទ្ធិពលហ្វឹននៅបន្តមាន។ បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ នឹងបន្តកើតមាន និងរលកសមុទ្រខ្លាំង។

ក្រសួងធនធានទឹក សូមធ្វើការអំពាវនាវឲ្យសាធារណៈជនមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវៀងនូវបណ្ដាបាតុភូតអវិជ្ជមានដូចខាងលើ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post