header ads

Sponsor

ភ្នំពេញៈ ស្នូរកាំភ្លើង បានផ្ទុះឡើងចំនួន៣គ្រាប់ ជាបន្តបន្ទាប់ បណ្តាលអោយប្រជាពលរដ្ឋមានភ័យខ្លាច និងភ្ញាក់ផ្អើលដល់សមត្ថកិច្ចទូទាំងខណ្ឌមានជ័យចេញអន្តរាគមន៍ សំដៅទៅកន្លែងផ្ទុះអាវុធនោះ និងបានប្រកាសតាមវិទ្យុទាក់ទង ប្រាប់ឲ្យប្រុងប្រយ័ត្ន ត្រូវត្រៀមអាវុធគ្រប់ដៃ ព្រោះពលរដ្ឋរាយការណ៍ថា ក្រុមស៊ីវិលទាំងនោះ មានអាវុធគ្រប់គ្នា ពេលមកដល់ទើបដឹងថា ក្រុមផ្ទុះអាវុធនោះ គឺជាកម្លាំងនគរបាលមកពីមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ(ក៣) នាំជនប្រុសស្រីពីរនាក់ ដែលជាមុខសញ្ញាទៅចង្អុលបង្ហាញទីតាំងគ្រឿងញៀន ដែលមិនបានផ្តល់ដំណឹងមុន ឬសុំការសហការ ទើប ធ្វើឲ្យពលរដ្ឋមានការភាន់ច្រឡំស្មានថា ជាចោរប្លន់ ឬចាប់ជំរឹតណាមួយ។

ហេតុការណ៍នេះកើតឡើង ដោយមានការ ធ្វេសប្រហែស  របស់ក្រុមសមត្ថកិច្ច មកពី ការិយាល័យ ប្រឆាំងគ្រឿងញៀន  ក្រសួងមហាផ្ទៃ(ក៣) បណ្ដាលឲ្យជនសង្ស័យម្នាក់ បានរត់គេចខ្លូនចូលកន្លែងកម្មវិធីបង្កក់កូនរបស់អ្នកភូមិ បង្កការភ្ញាក់ផ្អើលឆុល ព្រោះឃើញសុទ្ធតែសមត្ថកិច្ច ស្លៀកពាក់ស៊ីវិល  នាំគ្នាជិះចូលមក ប្រសេចប្រសាច តាមចាប់ជនសង្ស័យនោះមកវិញ  តែប្រជាពលរដ្ឋដែលមកចូលរួមកម្មវិធីនោះ ក៏មានសមត្ថកិច្ចដែរ ហើយក៏សួរនាំតែបែរជាទាស់សម្ដីគ្នា ប្រតាយប្រតប់គ្នាឈានទៅដល់ការប្រើហឹង្សាដាក់គ្នាមួយប្រាវ ទើបសមត្ថកិច្ចបានផ្ទុះអាវុធ២គ្រាប់ រួចធ្វើការឃាត់បុរសម្នាក់ ដែលបានបង្កឲ្យភាគីខាងសមត្ថកិច្ចស៊ីវិលនោះ រងរបួស២នាក់ រួចយកទៅសួរនាំនៅប៉ុស្តិ៍បាត់ ចំណែកជនសង្ស័យម្នាក់នោះ បានរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ដ៏បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃសៅរ៍  ទី០៦ ខែកក្ដដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ៣៧១ កែងផ្លូវ៣២BT ចំណុចជិតផ្សារប៉េសេ (ផ្សារប៉េសេចាស់) ស្ថិតក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមសម្ដីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន (ក៣)ម្នាក់ បានដឹងថានៅមុនពេលកើតហេតុ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បាននាំជនសង្ស័យប្រុសស្រី២នាក់ ទៅចង្អុលបង្ហាញទីតាំងកន្លែងចែកចាយគ្រឿងញៀន  ស្រាប់តែជនសង្ស័យម្នាក់ឆ្លៀតឱកាស រត់ចេញមក ទាំងដៃជាប់ខ្នោះចូលទៅកន្លែងកម្មវិធីជប់លៀងកម្មវិធីបង្កក់កូនរបស់អ្នកភូមិ។

បើតាមសម្ដីប្រជាពរដ្ឋម្នាក់ដែលគាត់បានមកចូលរួមកម្មវិធីនោះដែរ បានឲ្យដឹងថា ពួកគាត់បានឃើញជនសង្ស័យម្នាក់ បានរត់ចូលមកក្នុងបរិវេណ រោងកម្មវិធី  ទាំង ត្រហេបត្រហប  និងឃើញដៃជាប់ខ្នោះ ទៀត ពួកគាត់បានដេញចេញទៅបាត់ហើយ ស្រាប់តែឃើញមានកម្លាំងស្លៀកពាក់ស៊ីវិលមួយក្រុម បានមកដល់ចូលមកបណ្ដាលឲផ្អើលឆុលគប់គ្នាទៅវិញទៅមក ហើយកម្លាំងស៊ីវិលទាំងនោះក៏ផ្ទះអាវុធចំនួន២គ្រាប់ រួចចាប់បុរសម្នាក់ដែលចូលទៅឃាត់ទៅប៉ុស្តិ៏បឹងទំពុន២។

ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៏បឹងទំពុន២ បានអោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ យកបុរសម្នាក់នោះ ទៅប៉ុស្តិ៏សិនដើម្បីសាកសួរ ហើយក៏សំរបសំរួលគ្នាដោយខាងបុរសម្នាក់នោះក៏ជាមន្ត្រីនគរបាលដែរ នៅខាង នាយកដ្ឋានចារកម្ម  នៃអគ្គស្នងការដ្ឋាននគរបាលជាតិ  ហើយបានធ្វើកិច្ចសន្យាសុំទោសគ្នាដើម្បីបញ្ចប់តែម្ដង។

ហេតុការណ៍ផ្ទុះអាវុធមួយនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ មានការ ភិតភ័យយ៉ាងខ្លាំង ញ័រខ្លួន ស្ទើរគ្រប់ៗគ្នា  ចំពោះការ ចុះប្រតិបត្តិការ បង្ក្រាបគ្រឿងញៀន  ដ៏ធ្វេសប្រហែសរបស់ ក្រុមប៉ូលិសស៊ីវិល មកពី ការិយាល័យ ប្រឆាំងគ្រឿងញៀន  ក្រសួងមហាផ្ទៃ(ក៣) មួយនេះ  ដែលធ្វើឲ្យកើតមានរឿងនេះឡើង។

កន្លងទៅក៏មានករណីផ្ទុះអាវុធមួយ បានកើតមានឡើងក្នុងការបង្ក្រាបមុខសញ្ញាគ្រឿងញៀន ដែលបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាបងប្អូនខ្មែរឥស្លាម មានការ ភិតភ័យ  រហូតដល់មានអ្នកសន្លប់ចំនួន២នាក់ផងដែរ កាលពីវេលាម៉ោងប្រមាណជា០៩យប់ ថ្ងៃអង្គារ៍ ទី១៦ ខែតុលា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចភូមិព្រែកតាពៅ (ទល់មុខវិហារឥស្លាម) សង្កាត់ព្រែកប្រា  ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា  បើតាមសេចក្តីរាយការណ៍ ពី ប្រជាពលរដ្ឋ  ដែល មាន បងប្អូន  កូនចៅ  សាច់ញាតិធ្លាប់បានកម្លាំងនគរបាល មន្ទីរគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិចាប់ខ្លួនបាន ប្រាប់សារព័ត៌មានថា ឱ្យតែចាប់មកដល់មន្ទីរគ្រឿងញៀន គឺធ្វើរបាយការណ៍ដាក់បន្ទុក ថា ជួញដូរគ្រឿងញៀនទាំងអស់ទោះ ជនសង្ស័យប្រើប្រាស់ ក៏ដោយហើយចង់សម្របសម្រួល ក្រៅផ្លូវតុលាការវិញ គឺកាប់ឆៅតែម្តង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post