header ads

Sponsor

ភ្នំពេញៈ ជនសង្ស័យ២នាក់ ម្នាក់ជាសិស្សវិទ្យាល័យជម្ពូវ័ន ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសជនជាតិចិន កំពុងដើរតាមផ្លូវ តែមិនបានសម្រេច បណ្ដាលឱ្យទូរស័ព្ទជ្រុះ ហើយជនសង្ស័យ​បានជិះរត់គេចខ្លួន តែនៅសល់បក្ខពួក២នាក់ទៀត ជិះធំម៉ូតូ Duke ពាក់ស្លាកលេខភ្នំពេញ 1CQ-4208  ជាអ្នកបិទគូទជិះរត់មិនរួច ត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយចាប់ឃាត់ខ្លួនបាន រួចរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកនាំយកទៅសាកសួរនៅប៉ុស្តិ៍ភ្លាមៗ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០១៩  នៅចំណុចមុខផ្ទះសំណាក់ ផាហ្សិន លើផ្លូវ៤៣០ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យ ដែលជាអ្នកបិទគូទត្រូវសមត្ថកិច្ចឃាត់ខ្លួន ទី១ ឈ្មោះ ហេង សម្បត្តិ អាយុ១៨ឆ្នាំ  ជនជាតិខ្មែរ ស្នាក់នៅផ្ទះម្ដុំជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ  មុខរបរសិស្សវិទ្យាល័យជម្ពូវ័ន (ជាអ្នកបើកម៉ូតូ និងជាអ្នកបិទគូទ) ។ ២.ឈ្មោះ ម៉ុន បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ  ជនជាតិខ្មែរ ស្នាក់នៅម្ដុំជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (ជាអ្នកជិះពីក្រោយ និងជាអ្នកបិទគូទ )។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា  មុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ កំពុងតែដើរចុចទូរស័ព្ទតែម្នាក់ឯង តាមផ្លូវ៤៣០ មកមុខផ្ទះសំណាក់  ផាហ្សិន ជាចំណុចកើតហេតុ ដោយមិនបានចាប់អារម្មណ៍ ស្រាប់តែមានជនសង្ស័យចំនួន៤ នាក់ ជិះម៉ូតូ២គ្រឿង មួយគ្រឿងម៉ាក YAMAHA QBIX (មិនចាំពណ៌ និងមិនចាំស្លាកលេខ ) ជិះម៉ូតូឌុបគ្នា ២នាក់ និងមួយគ្រឿងទៀត ម៉ាក Duke ពាក់ស្លាកលេខភ្នំពេញ 1CQ-4208 ជិះគ្នា២នាក់ដូចគ្នា បានជិះមកអែបពីក្រោយ រួចធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនជាតិចិនខាងលើ តែមិនបានសម្រេច ព្រោះជ្រុះទូរស័ព្ទលើថ្នល់ ហើយជនជាតិចិននោះ ក៏ស្រែកឆោឡោ ទើបជនសង្ស័យ ដែលជិះម៉ូតូ QBIX បានបន្ថែមល្បឿន ជិះគេចខ្លួនតែម្ដង បង្កឲ្យមានការភ្ញាក់ដល់បងប្អូនប្រជាពលរដ្ឋនៅជិតនោះ ស្ទុះរត់ចេញមកជួយ ឃើញជនសង្ស័យ២នាក់ ដែលជិះម៉ូតូ Duke បិទគូទកំពុងនៅក្បែរជនជាតិចិននោះ ដោយសង្ស័យជាបក្ខពួក ទើបនាំគ្នាចាប់ឃាត់ខ្លួនតែម្ដង  រួចរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកនាំយកទៅសាកសួរនៅស្នាក់ការប៉ុស្តិ៍ ទួលទំពូងទី២ បន្ទាប់ពីសួរចម្លើយទើបដឹងថា  ទីតាំងកើតហេតុ គឺស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ទើបនាំជនសង្ស័យទៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវវិញ ដើម្បីធ្វើការសាកសួរបន្ត។

លុះមកដល់ប៉ុស្តិ៍ផ្សារដើមថ្កូវ ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបក្ខពួករបស់ជនសង្ស័យដែលជិះធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនជាតិចិននោះ ប្រាកដមែន តែពួកគាត់មិនមែនជាអ្នកឆក់ទេ  ចំណែកឯបក្ខពួក ដែលធ្វើសកម្មភាពឆក់នោះ ទី១.ឈ្មោះ យុទ្ធ និងទី២.ឈ្មោះ  អា នុ មិនដឹងស្នាក់នៅឯណានោះទេ  (បានគេចខ្លួនបាត់ហើយ ) ពួកគេគ្រាន់តែជាអ្នកជិះបិទគូទតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានប្រគល់ទូរស័ព្ទម៉ាក Hauwei ជូនជនរងគ្រោះវិញ ចំណែកឯជនសង្ស័យទាំងពីរនាក់ ត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍ផ្សារដើមថ្កូវ ដើម្បីប្រគល់ឲ្យផ្នែកជំនាញកសាងសុំណំរឿងបន្តតាមនីតិវិធី និងធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យដែលជាបក្ខពួកកំពុងគេចខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post