
មណ្ឌលគិរីៈ ក្រោយពិនិត្យឃើញ នៃដំណើរការផលិត និងការចែកចាយផលិតផលទឹកសុទ្ធ okithana រួមទាំងលក្ខណៈបច្ចេកទេស នៃអនាម័យផលិតកម្ម របស់សិប្បកម្មផលិតទឹកបរិសុទ្ធពីរកន្លែង នៅក្នុងក្រុងសែនមនោរម្យ ពុំមានលក្ខណៈត្រឹមត្រូវ មន្ត្រីជំនាញធ្វើការផ្អាកនូវដំណើរការបណ្ដោះអាសន្នរបស់អាជីវកម្មទាំងនោះ។
ការចុះបិទបណ្តោះអាសន្នរបស់មន្ត្រីជំនាញ គឺធ្វើឡើងកាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ដោយមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តមណ្ឌលគិរី សហការជាមួយអាជ្ញាធរក្រុងសែនមនោរម្យ ដឹកនាំដោយលោក សុខ ប៊ុនធឿន អនុប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត។
លោក សុខ ប៊ុនធឿន អនុប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត បានឲ្យដឹងថា ការចុះត្រួតពិនិត្យសិប្បកម្មផលិតទឹកពិសាដប ដោយឃើញថា សិប្បកម្មទាំងនេះបានដំណើរការផលិត និងចែកចាយផលិតផលរបស់ខ្លួននៅលើទីផ្សារដោយគ្មានច្បាប់អនុញ្ញាត ពីមន្ទីរឧស្សាកម្ម និងសិប្បកម្មទេ។ ឧបករណ៍ចម្រោះទឹកដែលប្រើប្រាស់នោះ គឺអាចប្រើប្រាស់បានត្រឹមលក្ខណៈក្នុងរង្វង់គ្រួសារតែប៉ុណ្ណោះ ទាំងបរិមាណផលិត ទាំងគុណភាពផលិត រួមទាំងលក្ខណៈបច្ចេកទេសក្បួនអនាម័យផលិតកម្ម និងទីតាំងផលិត។
លោកបន្តថា ខ្សែសង្វាក់ផលិតកម្មច្រកដប និងវេចខ្ចប់របស់សិប្បកម្មទាំងពីរនេះ គឺមិនអនុលោមទៅតាមបទដ្ឋានបច្ចេកទេសទឹកពិសារដបដែលចែងក្នុងច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ-សិប្បកម្មរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលអាចធ្វើឱ្យប៉ះពាល់ដល់គុណភាពទឹកពិសារ និងសុខភាពអ្នកប្រើប្រាស់នៅលើទីផ្សារ។
ប្រតិបត្តិការនោះ មន្ត្រីជំនាញក៏បានឱ្យម្ចាស់សិប្បកម្មផលិតទឹកពិសាដបស្លាកយីហោ( អូគិថាណា)ចំនួនពីរកន្លែង ស្ថិតនៅក្រុងសែនមនោរម្យ ត្រូវបញ្ឈប់សកម្មផលិត និងធ្វើអាជីវកម្ម រហូតដល់ពេលទទួលបានច្បាប់អនុញ្ញាតពីមន្ទីរឧស្សាហកម្ម និងសិប្បកម្ម។
លោក សុខ ប៊ុនធឿន បានធ្វើការណែនាំដល់ម្ចាស់សិប្បកម្មទាំងអស់ ត្រូវមកទំនាក់ទំនងសុំច្បាប់ បង្កើតរោងចក្រសិប្បកម្មនៅមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត ដើម្បីកែប្រែនូវប្រព័ន្ធផលិតកម្ម និងគុណភាពឱ្យសមស្របតាមស្តង់ដារបច្ចេកទេសទឹកពិសាដប និងនិតីវិធីផ្លូវច្បាប់។ លោកបន្ថែមថា ក្នុងករណីម្ចាស់សិប្បកម្មមិនអនុវត្តន៍តាមការណែនាំរបស់មន្ត្រីជំនាញ ហើយឃើញនៅតែបន្តការផលិត និងចរាចរណ៍ចែកចាយលក់លើទីផ្សារទៀត មន្ទីរនឹងចាត់វិធានការតាមនីតិវិធីច្បាប់ ដោយមានស្ថានប័នជំនាញពាក់ព័ន្ធចូលរួមអនុវត្តច្បាប់ និងផាកពិន័យតាមច្បាប់ជាធរមាន។
គួបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមិថុនាកន្កងទៅនេះ សិប្បកម្មផលិតទឹកពិសាដបស្លាកយីហោ អូគិថាណា ចំនួនពីរកន្លែង និងស្មូត ១កន្លែង បានរងនូវការបិទបណ្តោះអាសន្នដូចគ្នា រង់ចាំការពិនិត្យនិងផ្តល់ច្បាប់សិប្បកម្មបានត្រឹមត្រូវជាមុន មុននិងធ្វើអាជីវកម្មបន្តផងដែរ៕


