
ភ្នំពេញៈ ដោយមើលឃើញ ទីតាំងអាជីវកម្មរបស់ជនបរទេសមួយចំនួន មិនធ្វើតាមការណែនាំនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រកាសថា នឹងចាត់វិធានការក្តៅ ដោយ ផ្អាកអាជីវកម្មណា ដែលប្រើប្រាស់ស្លាកពាណិជ្ជកម្ម ជាអក្សរខ្មែរមិនត្រឹមត្រូវ និងមិនគោរពតាមច្បាប់កម្ពុជា។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ បានឲ្យដឹងថា ជាមួយគ្នានេះ លោក គួច ចំរើនក៏នឹងនាំម្ចាស់អាជីវកម្មនោះ មកកាន់សាលាក្រុង ដើម្បីធ្វើការអប់រំ ត្រួតពិនិត្យទិដ្ឋាការ និងសៀវភៅការងារផងដែរ ។
ប្រភពបន្តថា “អភិបាលខេត្តព្រះសីហនុ នឹងចាត់វិធានការបន្តដោយមិនត្រឹមការកាត់ស្លាកពាណិជ្ជកម្ម ដែលមិនគោរពតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាទម្លាក់ចុះនោះទេ ថែមទាំងត្រូវនាំយកម្ចាស់អាជីវកម្មនោះមកកាន់សាលាក្រុង ដើម្បីធ្វើការអប់រំ ត្រួតពិនិត្យ ទិដ្ឋាការ សៀវភៅការងារ និងផ្អាកអាជីវកម្មនោះ ដោយតម្រូវឲ្យស្នើសុំច្បាប់ជាមុន ទើបអនុញ្ញាតឲ្យមានអ្នកធានាត្រឡប់ទៅវិញ និងបើកអាជីវកម្មឡើងវិញ” ៕


