header ads

Sponsor

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអំពាវនាវឲ្យស្ថាប័នអន្តរជាតិ ពិចារណា ចំពោះការដកប្រព័ន្ធ អនុគ្រោះពន្ធគ្រប់ប្រភេទ (EBA) ពីប្រទេសកំពុងអភិវឌ្ឍន៍ ព្រោះបើដកពិតមែនប្រទេសទាំងនោះ មិនអាចជួយពិភពលោកបានឡើយ។

ក្នុងឱកាសចូលរួម ថ្លែងបើកកិច្ចប្រជុំ ត្រួតពិនិត្យឡើងវិញ ជាសកលលើជំនួយ សម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការពង្រឹងភាពប្រកួតប្រជែង របស់ប្រទេសកំពុង អភិវឌ្ឍន៍តិចតួច នឹងធ្វើដំណើរចាក់ចេញ ពីប្រទេសអភិវឌ្ឍន៍ តិចតួចទាំងនោះហើយ។

សម្ដេចនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ការបន្ដ និងបង្កើតការផ្ដល់ភាព អនុគ្រោះនានា តាមរយៈប្រព័ន្ធពាណិជ្ជកម្មពហុភាគី ឯកតោភាគី ហើយសុំធ្វើការពិចារណា ឲ្យបានដិតដល់ មុននឹងដាក់វិធានការព្យួរ ឬដកចេញនូវភាពអនុគ្រោះ ពីប្រទេសអភិវឌ្ឍន៍តិចតួច ព្រោះការព្យួរ ឬការដកនេះ នឹងធ្វើឲ្យប្រទេសទាំងនោះ មិនអាចជួយពិភពលោក ឲ្យសម្រេចបាននៅ គោលដៅអភិវឌ្ឍន៍ ប្រកបដោយចរីភាព និងមិនអាចជួយពួកគេ ឲ្យចាក់ចេញពីឋានៈ ប្រទេសអភិវឌ្ឍន៍តិចតួច បានឡើយ

សម្ដេចបន្ដថា បញ្ហាទាំងនេះ គឺជាដំណើរការផ្ទុយទាំងស្រុងទៅនឹងគោលការណ៍របស់អង្គការសហប្រជាជាតិ និងអង្គការពាណិជ្ជកម្មពិភពលោក(WTO)។ សម្ដេចថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុវត្តន៍តាមគោលការណ៍លទ្ធប្រជាធិបតេយ្យ សេរីពហុក្ស ជាពិសេសរាជរដ្ឋាភិបាល បានរក្សាសន្ដិសុខ ស្ថេរភាពនយោបាយ ព្រមទាំងបានគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងហិញ្ញវត្ថុ ប្រកបដោយភាពប្រុងប្រយ័ត្នផងដែរ។

ឆ្លៀតឱកាសនោះដែរ នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងទៀតថា ក្នុងវិស័យពាណិជ្ជកម្ម គឺកម្ពុជាបានរៀបចំ និងដាក់ឲ្យអនុវត្តន៍យុទ្ធសាស្ដ្រពាណិជ្ជកម្មតាំងពីឆ្នាំ២០០១ ដូច្នេះកម្ពុជាកែលំអរបន្ដបន្ទាប់ដើម្បីឆ្លើយតបទៅនឹងកម្រិតនៃការអភិវឌ្ឍរបស់ប្រទេសជា ។ ឆ្នាំ២០១៩ កម្ពុជាបានធ្វើបច្ចប្បន្នភាព លើកទី៣រួចមកហើយ នូវយុទ្ធសាស្រ្ដ សមាហរណកម្ម របស់កម្ពុជាពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍរបស់ខ្លួន ជាពិសេសឆ្លើយតបទៅនឹង តម្រូវការពាណិជ្ជកម្មពិភពលោកផងដែរ។

ជាងនេះទៅទៀត នាយករដ្ឋមន្ដ្រីកម្ពុជា បានបន្ថែមថា ដើម្បីតបស្នងអង្គការ ពាណិជ្ជកម្មពិភពលោក នៅក្នុងកាលៈទេស សេដ្ឋកិច្ចពិភពលោក កំពុងទទួលរងការគំរាម ពីនយោបាយគាំពាំនិយម និងសង្គ្រាមពាណិជ្ជកម្ម ទោះបីកម្ពុជាត្រូវប្រឈម កង្វះធនធានមនុស្ស និងថវិកា ក៏ដោយ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតស្ថាន បេសកម្មប្រចាំ WTO កាលពីឆ្នាំ២០១៧ ។

សូមបញ្ជក់ថា សហភាពអឺរ៉ុប បានចាប់ផ្តើមនីតិវិធី ជាផ្លូវការលើការផ្អាក ជាបណ្តោះអាសន្ន ការអនុគ្រោះពន្ធ លើទំនិញគ្រប់ប្រភេទ លើកលែងតែអាវុធ កាលពីថ្ងៃទី១៣ កុម្ភៈ មុននឹងអាចឈានទៅរក ការព្យួរនៅខែកុម្ភៈ ឆ្នាំ២០២០ ប្រសិនបើរកឃើញថា កម្ពុជាអនុវត្តមិនត្រឹមត្រូវទៅរកភាពល្អប្រសើរគ្រប់គ្រាន់ ទៅលើបញ្ហាសិទ្ធិមនុស្ស៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post