header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ កំពុងជិះ​ម៉ូតូកាត់ភ្លៀងក្នុងល្បឿនលឿន ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងទៀត បើកមកពីក្រោយយ៉ាងលឿន បានកៀរម៉ូតូរេចង្កូតទៅបុករបាំងថ្ម ខ្ទាតជនរងគ្រោះបោកនិងបង្គោលភ្លើង ហើយធ្លាក់បោកក្បាលនឹងថ្នល់ទៀតបាត់បង់ជីវិតភ្លាមៗ រីឯម៉ូតូខ្ទាតប្រមាណជាង២០ម៉ែត្រ ចំណែករថយន្តបានរត់គេចខ្លួនបាត់ស្រមោល។

គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១៖១០នាទីយប់  ថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខហាងលក់រថយន្ត BMW (ខាងលិចគល់ស្ពានអាកាសផ្សារដីហុយ ) ស្ថិតតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់អូបែកក្អម  ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ អឿង សំអុល (ហៅប៉ាវ) ភេទប្រុស អាយុ២៤ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនលក់ គ្រឿងសង្ហារិម ស្នាក់នៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក មានស្រុកកំណើតនៅភូមិព្រៃចំការ ឃុំស្វាយជ្រំ ស្រុកមេសាង ខេត្តព្រៃវែង។

អ្នកឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ភ្នាក់ងារ “ខេមប៉ុស្តិ៍” ឲ្យដឹងថា មុនពេលកើតហេតុ ខណៈមេឃកំពុងតែធ្លាក់ភ្លៀង គេឃើញជនរងគ្រោះបានបើកម៉ូតូពីមួយគ្រឿងម៉ាក  ហុងដាប៊ីត  (Honda Beat) ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ព្រៃវែង 1M-4041 បានធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅមកពីលិចទៅកើត និងក្នុងល្បឿន យ៉ាងលឿន ស្របពេលនោះ ក៏មានរថយន្តមិនចាំស្លាកលេខមួយគ្រឿង បានបើកមកពីក្រោយ យ៉ាងលឿនដូចហោះ រួចក៏ជ្រុលចង្កូតទៅកៀរម៉ូតូជនរងគ្រោះ បណ្តាលឲ្យម៉ូតូរបស់ជនរងគ្រោះរេចង្កូតទៅបុករបាំងថ្មពេញទំហឹង ចំណែកជនរងគ្រោះបានខ្ទាតបោកនិងបង្គោលភ្លើង ហើយធ្លាក់បោកក្បាលនឹងថ្នល់ទៀតស្លាប់​ភ្លាមៗ ក្នុងថ្លុកឈាមតែម្ដង រីឯម៉ូតូខ្ទាតប្រមាណជាង២០ម៉ែត្រ ចំណែក​រថយន្តបង្ក ក៏បានបន្ថែមល្បឿន បើករត់គេចខ្លួនបាត់ស្រមោល បន្ទាប់ មក ក៏មានសមត្ថកិច្ចសមត្ថកិច្ចមូលដ្ឋាន បានចុះមកជួយធ្វើការអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏ទាក់ទងហៅសមត្ថកិច្ចជំនាញអោយចុះមកធ្វើការវាស់ និងដកហូតយកម៉ូតូរបស់ជនរងគ្រោះខាងលើ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ សែនសុខ រង់ចាំធ្វើការប្រគល់ទៅឲ្យក្រុមគ្រួសារជនរងគ្រោះ នៅពេលក្រោយ។ ដោយសពជនរងគ្រោះ សមត្ថកិច្ចធ្វើការទំនាក់ទំនងរកសាច់ញាតិក្រុមគ្រួសារឲ្យដឹកយកទៅធ្វើបុណ្យ តាមប្រពៃណីស្រុកកំណើត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post