Sponsor

ភ្នំពេញៈ ក្រោយពីកាសែតរបស់សហរដ្ឋអាមេរិក ចុះផ្សាយថា កម្ពុជា-ចិន បានចុះហត្ថលេខា ដោយសម្ងាត់ ដើម្បីបោះមូលដ្ឋានទ័ពបរទេស នៅកម្ពុជា អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឲ្យមានឡើយ ហើយការចុះផ្សាយព័ត៌មាននេះ គឺជាការប្រឌិតដ៏ឆ្កួតលីលា តាមអំពើចិត្ត។

នាពេលថ្មីនេះៗ មានកាសែតអាមេរិក បានចុះផ្សាយថា កម្ពុជាបានចុះហត្ថលេខាជាការសម្ងាត់ជាមួយចិន រឿងមូលដ្ឋានយោធា បានធ្វើឲ្យអាមេរិក មានការព្រួយបារម្ភយ៉ាងខ្លាំង។

ឆ្លើយទៅនឹងបញ្ហាទាំងនេះ លោក ឈុំ សុជាតិ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ថា វាជារឿងហួសចិត្ត ដែលសារព័ត៌មានរបស់សហរដ្ឋអាមេរិកបានប្រឌិតព័ត៌មានដ៏ឆ្កួតលីលា តាមអំពើចិត្ត អំពីមូលដ្ឋានទ័ពបរទេសនៅលើទឹកដីកម្ពុជា ហើយត្រូវបានបន្ទរ ដោយសារព័ត៌មានរបស់ពួកគេដទៃទៀត ដែលហាក់ធ្វើឡើង ក្នុងចេតនាចង់បំផ្លាញដល់សន្តិសុខ និងសន្តិភាពនៅកម្ពុជា និងក្នុងតំបន់

លោកបន្ដថា មិនអាចទទួលយកការប្រឌិតព័ត៌មានបែបនេះបានឡើយ។ លោកថា ក្រសួងការពារជាតិ មិនដែលមានកិច្ចព្រមព្រៀងសម្ងាត់ណាមួយឲ្យកងទ័ពចិនប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាមូលដ្ឋានឡើយ។

លោកមានប្រសាសន៍ថា អស់លោកល្មមឈប់ប្រើប្រាស់ព័ត៌មានក្លែងបន្លំ អំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា ដើម្បីប្រឆាំងនឹងកម្ពុជាតទៅទៀត។ ពាក់ព័ន្ធនឹងមូលដ្ឋានទ័ពបរទេសនេះ កម្ពុជាធ្លាប់បានបញ្ជាក់ជំហរ យ៉ាងច្បាស់ច្រើនដងរួចហើយថា រាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានទ័ពបរទេស នៅលើទឹកដីកម្ពុជានោះឡើយ

អ្នកនាំពាក្យអះអាងថា រដ្ឋធម្មនុញ្ញកម្ពុជាក៏មិនអនុញ្ញាតឲ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនដែរ ហើយក៏មិនបញ្ជូនកងទ័ពកម្ពុជាទៅក្រៅប្រទេសនោះដែរ លើកលែងតែបេសកកម្មជាមួយអង្គការសហប្រជាជាតិតែមួយប៉ុណ្ណោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor