
ភ្នំពេញៈ ប្ដីវាយធ្វើបាបស្ទើរាល់ថ្ងៃពេក គិតអ្វីលែងចេញ ស្ត្រីម្នាក់ផឹកស្រាអស់៤០០រៀល រួចដើរកាន់ដៃកូនតូចៗ មកលោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រះមុនីវង្ស តែត្រូវបានសមត្ថកិច្ចប្រចាំការនៅស្ពានប្រទះឃើញ និងជួយចាប់ទាន់វេលា។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧៖៣០យប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចលើស្ពានព្រះមុនីវង្ស (ថ្មី) ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ស្ត្រីគិតខ្លីខាងលើ ឈ្មោះ ទឹត ម៉ាក អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានប្តីឈ្មោះ អ៊ាត អាយុ៥៥ឆ្នាំ មុខរបររើសអេតឆាយ ស្នាក់នៅមិនពិតប្រាកដ មានកូនប្រុសចំនួន៣នាក់ (អាយុ៣ឆ្នាំ ៥ឆ្នាំ និង១០ឆ្នាំ) ។
តាមការរៀបរាប់របស់ស្ត្រីខាងលើ បានអោយដឹងថា រូបគាត់បានចាប់ដៃគ្នារួមរស់ជាមួយប្តី របស់គាត់រហូតបានកូនប្រុសចំនួន៣នាក់ នៅក្នុងបន្ទុក ដោយប្តីរបស់គាត់ ប្រកបរបរដើររើស អេតចាយ ហើយគ្មានផ្ទះសម្បែងពិតប្រាកដនោះទេ គឺចេះតែដើរដេកតាមចិញ្ចើមផ្លូវ និងវត្ត ហើយរហូតដល់ពេលនេះ រូបគាត់តែងតែមានទំនាស់ជាប្តី ណាមួយត្រូវប្តីវាយធ្វើបាបពេក គួបផ្សំគ្មានផ្ទះសម្បែងរស់នៅពិតប្រាកដ ហើយកូនគ្មានបានរៀនសូត្រដូចគេដូចឯងទៀត ទើបនៅព្រលប់ថ្ងៃកើតហេតុ រូបគាត់សល់លុយ៤០០រៀល ក៏បានទៅផឹកស្រាបង្ហើយ រួចក៏ដឹក ដៃកូនតូច ២នាក់ បម្រុងមកលោតទឹកសម្លាប់ខ្លួន នៅស្ពានព្រះមុនីវង្សថ្មី តែត្រូវបានសមត្ថកិច្ចឃាត់នាំយកមកក្រោមស្ពាន ដើម្បីសាកសួរ បន្ទាប់ពីសួរនាំរួច ស្ត្រីខាងលើ គឺមិនព្រមទៅ ណានោះទេ គឺបាននាំកូនតូចដេកនៅក្រោមស្ពានអាកាសក្បាលថ្នល់ រង់ចាំព្រឹកស្អែកចាំគិតទៀត ៕





