header ads

Sponsor

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវឲ្យ ប្រជាពលរដ្ឋ បន្តអនុវត្តច្បាប់ចរាចរណ៍ដោយស្មារតីភ្ញាក់រលឹកខ្ពស់ ដើម្បីការពារសុវត្ថិភាពទាំងអស់គ្នា។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេច ស ខេង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ បានឲ្យដឹងថា បងប្អូនជនរួមជាតិជាទីគោរព! នៅថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមសម្ដែងនូវសេចក្ដីត្រេកអរ ចំពោះលទ្ធផលជាបន្តបន្ទាប់នៃការអនុវត្តយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាពលើអ្នកធ្វើដំណើរតាមមធ្យោបាយម៉ូតូទូទាំងប្រទេស

សម្ដេចបន្ដថា ចាប់តាំងពីអនុវត្តមក សម្ដេច សង្កេតឃើញថា កងកម្លាំងមានសមត្ថកិច្ច ពិសេសនគរបាលចរាចរណ៍ទូទាំងប្រទេស បានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្ម គួរឲ្យកោតសរសើរ ក្នុងយុទ្ធនាការអប់រំ និងពង្រឹងការអនុវត្តច្បាប់ ធ្វើយ៉ាងណាឲ្យអ្នកដំណើរតាមម៉ូតូទាំងអស់ ត្រូវតែពាក់មួកសុវត្ថិភាពជាដាច់ខាត។

ទន្ទឹមនឹងនេះ សម្ដេច អរគុណប្រជាពលរដ្ឋ ដែល បានចូលរួមអនុវត្តយុទ្ធនាការដ៏មានសារៈសំខាន់នេះ ដើម្បីរក្សាសុវត្ថិភាពក្នុងការធ្វើដំណើរ និងសូមអធ្យាស្រ័យចំពោះវិធានការឃាត់ម៉ូតូទុក ដើម្បីតម្រូវឲ្យបងប្អូនទិញ ឬរកមួកសុវត្ថិភាព មកពាក់ ទើបអនុញាតឲ្យបន្តដំណើរ។

សម្ដេច ស ខេង ថា ខ្ញុំព្រះករុណាខ្ញុំ ក៏សូមអំពាវនាវដល់សមត្ថកិច្ចនគរបាលចរាចរណ៍ និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមក្នុងយុទ្ធនាការរយៈពេល១ខែនេះ ហើយបន្ទាប់ពីបញ្ចប់យុទ្ធនាការនេះ សូមបងប្អូនបន្តអនុវត្តច្បាប់ចរាចរណ៍ដោយស្មារតីភ្ញាក់រលឹកខ្ពស់ ដើម្បីការពារសុវត្ថិភាពយើងទាំងអស់គ្នា

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post