បន្ទាយមានជ័យៈ យ៉ាងហោចណាស់យុវជនពីរនាក់ បានស្លាប់ និងម្នាក់ទៀត រងរបួស ខណ: ពួកគេចេញពីក្លឹបផឹកស៊ីស្រវឹងជោកជាំ ហើយជិះម៉ូតូបុកជាមួយតូបលក់ដូរគេទុកចោល។
ហេតុការណ៍នេះ កើតឡើងវេលាម៉ោង២៖៤០នាទីរំលងអធ្រាត្រយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិ៥ ត្រង់ចំណុចខាងត្បូងរង្វង់មូលស្រីគ្រប់ល័ក្ខប្រហែល២០០ម៉ែត្រស្ថិតក្នុងភូមិ៤ សង្កាត់ ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
អ្នកឃើញហេតុការណ៍ បាននិយាយថា គេឃើញម៉ូតូមួយគ្រឿងបោះពួយយ៉ាងលឿនក្នុងទិសដៅពីត្បូងទៅជើងជិះគ្នាបីនាក់ លុះមកដល់កន្លែងកើតហេតុ ម៉ូតូបានរេចង្កូតទៅបុកជាមួយតូបលក់ដូរលើខឿនផ្លូវពេញទំហឹង បណ្តាលអោយដួលបោកទៅលើថ្ម។
សមត្ថកិច្ចនគរបាលចរាចរណ៍ បានអោយដឹងថា ក្រោយធ្វើការពិនិត្យឃើញថា យុវជនពីរនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកម្នាក់ទៀត រងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ដើម្បីសង្គ្រោះបន្ទាន់។ ចំពោះអត្តសញ្ញាណជនរងគ្រោះ សមត្ថកិច្ចនៅមិនទាន់កំណត់បាននោះទេ។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ នៃគ្រោះថ្នាក់នេះ បណ្តាលមកពីស្រវឹង បើកបរលឿន មិនពាក់មួកសុវត្ថិភាព៕