header ads

Sponsor

ភ្នំពេញៈ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងអំពី ការសិក្សាគម្រោងនៃប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ការសិក្សាគម្រោងMonorail និងគម្រោងផ្លូវរថភ្លើងក្រោមដី ដើម្បីដាក់ជូនរាជរដ្ឋាភិបាល ធ្វើការពិនិត្យ និងពិចារណានូវគម្រោងទាំងនេះ។

ក្រសួងសាធារណការ សិក្សាគម្រោងទាំងនេះ ក្រោយពីសង្កេតឃើញថា សព្វថ្ងៃនេះនៅក្នុងរាជធានីភ្នំពេញ មានការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ទើបក្រសួងសិក្សាគម្រោងទាំងនេះ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកកស្ទះ ជាពិសេសបានជួយស្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋផងដែរ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំខែមេសា-ឧសភា ឆ្នាំ២០១៩ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល បានថ្លែងថា អំពីការសិក្សាគម្រោងនៃប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ការសិក្សាគម្រោងMonorail និងគម្រោងផ្លូវរថភ្លើងក្រោមដី ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្វើការពិនិត្យ និងពិចារណាជ្រើសរើសគម្រោងណាមួយក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ នាពេលសព្វថ្ងៃនេះ

ឆ្លៀតឱកាសនោះដែរ រដ្ឋមន្ដ្រីសាធារណការ គូសបញ្ជាក់ អំពីការងារត្រួតពិនិត្យការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឲ្យប្រើប្រាស់ជាប់បានយូរ និងបានដាក់ចេញនូវវិធានការមួយចំនួនដើម្បីសម្រួលដល់វិស័យឯកជនដូចជាការផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅតាមគោលដៅកំពង់ផែ និងការបើកបង្រៀនបើកបរយានយន្តដឹកទំនិញដោយឥតគិតថ្លៃ។

លោករដ្ឋមន្ដ្រី ណែនាំឲ្យមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវខិតខំប្រឹងប្រែងធ្វើយុទ្ធនាការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ បណ្ដុះបណ្ដាល ពង្រឹងការអនុវត្តច្បាប់ យុទ្ធនាការពាក់មួកសុវត្ថិភាព ការអប់រំតាមសាលារៀន ការបំពាក់ផ្លាកសញ្ញា ភ្លើងសញ្ញា គំនូសសញ្ញាចរាចរណ៍ និងចំណាំងផ្លាត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ជាងនេះទៅទៀត លោក ស៊ុន ចាន់ថុល ថ្លែងអំណរគុណ ដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងសហការយ៉ាងស្អិតរមួតកន្លងមក ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post