header ads

Sponsor

ភ្នំពេញៈ រអ៊ូរទាំចង់ទៅលេងសមុទ្រ នារីបម្រើ​ការក្នុងបារមួយកន្លែង បានសុំច្បាប់ម្ចាស់ហាង  ចំនួន៣ថ្ងៃ ទៅលេងខេត្តកំពតតែម្នាក់ឯង ដោយប្រាប់ថា បុរសបារាំងម្នាក់ ទើបស្គាល់គ្នាតាមហ្វេសប៊ុកណាត់ជួបគ្នា តែ១១ថ្ងៃហើយ បាត់ដំណឹងឈឹង មិនទាន់ត្រលប់មកវិញ និងមិនឃើញទាក់ទងទៅអ្នកផ្ទះ ឬអ្នកនៅកន្លែងធ្វើការបានដឹងទេ ដោយមានការព្រួយបារម្ភ​ពីសុវត្ថិភាពរបស់នាងពេក អ្នកគ្រប់គ្រងហាង និងអ្នកធ្វើការជាមួយនាង បានទាក់ទងតាមទូរស័ព្ទ និងតាមហ្វេសប៊ុករបស់នាងដែរ តែមិនលើកទូរស័ព្ទ និងពុំមានការឆ្លើយតបមកវិញឡើយ។

ស្ត្រីដែលជាបុគ្គលិកហាងស្រាបារាំង ដែលបាត់ដំណឹងទាក់ទងមិនបាននោះ ឈ្មោះ ស្រី ណង  អាយុ៣៥ឆ្នាំ ធ្វើការនិងស្នាក់នៅ ហាងស្រាបារាំង "VVIP Bar & Food" នៅផ្លូវ១៣៦  ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ មានកូនពីរនាក់ កូនប្រុសបងឈ្មោះ  ធីម អាយុ ១០ឆ្នាំ និងកូនស្រីពៅ ឈ្មោះ ទី អាយុ៤ឆ្នាំ ស្នាក់នៅជាមួយម្ចាស់ហាង ខណៈពេលនេះកូនៗទាំងពីរនាក់នោះកំពុងឈឺ។

បើតាមសម្ដីបងស្រីអ្នកគ្រប់គ្រងហាងស្រាបាំរាំង VVIP បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ស្រីណង បានរអ៊ូរទាំថា ចង់ទៅលេងសមុទ្រ និងតែងមានទឹកមុខស្រងូតស្រងាត់ មិនដឹងមានរឿងអ្វីទេ ហើយមុនថ្ងៃចេញពីហាងទៅ ស្រីណង បានមកសុំច្បាប់សម្រាកពីការងារ  ២,៣ថ្ងៃប៉ុណ្ណោះ ដើម្បីទៅដើរលេងនៅខេត្តកំពត  ដោយប្រាប់ថា បុរសបារាំងម្នាក់ ទើបស្គាល់គ្នាតាមហ្វេសប៊ុកបានណាត់ជួបគ្នា លុះថ្ងៃទី២០ ខែកក្កដា  ឆ្នាំ២០១៩ ស្រីណង  បានរៀបចំ សម្លៀកបំពាក់ ឡើងជិះរថយន្តក្រុង សូរិយា ធ្វើដំណើរទៅខេត្តកំពតបាត់ទៅ។

គិតមកត្រឹមព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ  គឺ១១ថ្ងៃហើយ មិនទាន់ឃើញនាងត្រលប់មកធ្វើការវិញទេ ហើយក៏មិនឃើញទាក់ទងទៅអ្នកផ្ទះ ឬទាក់ទងមកអ្នកនៅកន្លែងធ្វើការបានដឹងដែរ ហើយម្ចាស់ហាង និងអ្នកធ្វើការជាមួយនាង  ក៏បានទាក់ទងតាមទូរស័ព្ទ និងតាមហ្វេសប៊ុក របស់នាង ដើម្បីសួរនាំអោយដឹងថា នៅឯណា ឬមានបញ្ហាអ្វី បានជាមិនលើកទូរស័ព្ទ និងពុំមានការឆ្លើយតបមកវិញដូច្នេះ។

ដោយមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ ស្រីណង ស្របពេលកូនៗ នឹករលឹកខ្លាំងពេក  មិនសូវញាំបាយទឹកទេ ឥលូវឈឺទៀត ធ្វើឲ្យបងស្រីអ្នកគ្រប់គ្រងហាង  ទទួលរ៉ាប់រងបន្ទុក លើនេះ ដូច្នេះហើយគាត់ សូមប្រកាសរកស្ត្រីជាម្ដាយ ដែលសុំច្បាប់ទៅលេងខេត្តកំពត ហើយបាត់ដំណឹងមិនដឹងទៅដល់ណាឡើយ។

បើសិនជាបងប្អូនណាប្រទះឃើញ ឬគាត់ជួបនៅកន្លែងណា ជួយប្រាប់សមត្ថកិច្ច ឬសាមីខ្លួនគាត់ផង ព្រោះពេលនេះកូនៗគាត់ នឹករលឹកណាស់ មិនព្រមហូបអាហារទេ ដូច្នេះហើយសូមជួយ Share ចែករំលែកផង ហើយបើសិនជាបានឃើញ សូមទំនាក់ទំនងមកលេខ  088 575 3753 ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post