header ads

Sponsor

ភ្នំពេញៈ លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារត្រួតពិនិត្យរឹតបន្តឹង ការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា រយៈពេល១៥ថ្ងៃ ក្រុមការងារត្រួតពិនិត្យរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ បានចុះត្រួតពិនិត្យរថយន្ដធុនធំ១៩៥៩គ្រឿង នៅចំណុចកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែនស្វយ័តព្រះសីហនុ ក្នុងនោះរកឃើញរថយន្ដខុសបច្ចេកទេសចំនួន២២៤គ្រឿង។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពនៃការអនុវត្ត យន្តការចុះត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត និងបណ្ណបើកបររបស់ អ្នកបើកបររថយន្តដឹកទំនិញ ចេញចូលកំពង់ផែព្រះសីហនុ និងកំពង់ផែភ្នំពេញ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ លោក សេង ឈួន បានថ្លែងថា ក្រុមការងារត្រួតពិនិត្យរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ បានចុះពិនិត្យរថ យន្ដធុនធំ មានចំនួន១៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់៣០ មិថុនា។

លោក មានប្រសាសន៍ថា ជាលទ្ធផលកន្លងមក យើងបានត្រួតពិនិត្យ យានយន្ដទាំងអស់១៩៥៩គ្រឿង មាននៅកំពង់ផែភ្នំពេញ និងកំពង់ផែនក្រុងព្រះសីហនុ ។ គិតទៅរថយន្ដល្មើស (ខុសបច្ចេកទេស) ១១% ស្មើនឹងរថយន្ដ២២៤គ្រឿង បានន័យថា ២២៤គ្រឿងនឹង គិតជាភាគរយ ១១%

លោកបន្ដថា មានក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន និងអ្នកបើកបរ មិនទាន់បានចូលរួមគោរពច្បាប់ និងអនុវត្តច្បាប់ បាន ត្រឹមត្រូវ និងនៅមានរថយន្តធុនធំ មួយចំនួនតូច នៅមានលក្ខណៈខុសបច្ចេកទេស។ លោកថា នៅមានរថយន្ដធុនធំមួយ ចំនួន ក៏បានគេចវេសមិនព្រមសហការ ជាមួយសមត្ថកិច្ច ដើម្បីចូលត្រួតពិនិត្យ ដែលធ្វើឲ្យបណ្តាល កកស្ទះចរាចរណ៍ផងដែរ។

ជាមួយគ្នានេះដែរ រដ្ឋលេខាធិការ អំពាវនាវទៅដល់ពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូន ព្រមទាំងម្ចាស់រថយន្តធុនធំ និងអ្នកបើកបរ ត្រូវចូលរួមអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងបទដ្ឋានគតិយុត្ត ពាក់ព័ន្ធដោយ ស្មារតីរួមសហការ និងទទួលខុសត្រូវ។

រដ្ឋលេខាធិការជំរុញ ឲ្យអ្នកបើកបររថយន្តធុនធំទាំងអស់ ទៅប្រឡងយកប័ណ្ណបើកបររថយន្តធុនធំ ឲ្យបានត្រឹមត្រូវ ហើយត្រូវមានឯកសារគ្រប់គ្រាន់។ រថយន្តត្រូវមានលក្ខណៈ បច្ចេកទេសត្រឹមត្រូវ ពេលបើកបរត្រូវគោរពច្បាប់ ត្រូវប្រុងប្រយ័ត្ន កុំវ៉ាជែងត្រូវចេះយោគយល់គ្នា កុំដឹកលើសទម្ងន់កុំណត់ កុំប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀន។

សូមរំលឹកថា ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត និងប័ណ្ណបើកបរ នៅកំពង់ផែភ្នំពេញ និងកំពង់ផែព្រះសីហនុ បានរកឃើញបញ្ហាមួយចំនួន រួមមាន ៖ ប្រើប័ណ្ណបើកបរចម្លង ,ប្រើបណ្ណបើកបរ ខុសពីប្រភេទរថយន្ត កំពុងបើកជាក់ស្តែង ,ប្រើផ្លាកលេខក្លែងក្លាយ , រថយន្តគ្មានលិខិតអនុញ្ញាតអាជីវកម្ម ជាដើម៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post