header ads

Sponsor

ភ្នំពេញៈ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា នៅឆ្នាំ២០២១ខាងមុខនេះ នៅខេត្តក្រចេះ នឹងមានគ្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ប្រវែង១៧៦១ ម៉ែត្រ ខណៈរាជរដ្ឋាភិបាលកម្ពុជា នឹងស្នើសុំប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលចិន ដើម្បីមកកសាងស្ពាននេះ។

ឱកាសចុះត្រួតពិនិត្យពីស្ថានភាពផ្លូវលេខ៧ ខេត្តស្ទឹងត្រែង-ក្រចេះ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល បានថ្លែងថា ឥឡូវនេះយើងឈរនៅទីតាំងនេះ ដើម្បីមើលទីតាំង និងជ្រើសរើសទីតាំង ដើម្បីសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅក្រចេះ តាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោកចង់ឲ្យប្រជាពលរដ្ឋធ្វើដំណើរពីស្ទឹងត្រែង ទៅកំពង់ធំ ជាដើម ឲ្យមានការងារស្រួល

លោកបន្ដថា ក្រសួងសាធារណការ នឹងរៀបចំគម្រោងសំណើនៅឆ្នាំ២០២០ខាងមុខ ដែលស្នើសុំថវិកាសាងសង់ពីរដ្ឋាភិបាលចិន ដូច្នេះនឹងអាចសាងសង់នៅឆ្នាំ២០២១។

បន្ថែមពីនេះ រដ្ឋមន្ដ្រីសាធារណការ បានអំពាវនាវទៅដល់ពលរដ្ឋមួយចំនួន កុំរិះគន់រាជរដ្ឋាភិបាល ព្រោះប្រាក់កម្ចីនេះ គឺយកមកសាងសង់ស្ពានទេ មិនមែនយកមកចាយវាយឡើយ។ លោករដ្ឋមន្ដ្រីថា រាជរដ្ឋាភិបាលបានខិតខំធ្វើយ៉ាងណាឲ្យពលរដ្ឋ ដឹកជញ្ជូនកសិផលងាយស្រួល សុវត្ថិភាព និងចំណេញពេលវេលា។

លោករដ្ឋមន្ដ្រីបន្ដថា បើប្រទេសជាមិត្តមិនទុកចិត្តរាជរដ្ឋាភិបាលកម្ពុជា ក៏ពួកគេមិនអនុញ្ញាត្តឲ្យកម្ពុជាខ្ចីថវិកាមកសាងសង់ដែរ ដោយសារតែរាជរដ្ឋាភិបាល យកកម្ចីមកកសាងប្រទេស ហើយក៏គ្មានប្រទេសណាមួយមកគំរាមកម្ពុជាឲ្យខ្ចីថវិកាដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post