header ads

Sponsor

ភ្នំពេញៈ ជនសង្ស័យមួយក្រុម បាន​គប់បំបែកកញ្ចក់អគារពាណិជ្ជកម្មទិញ-លក់ខុនដូ TIME CENTER ចូលទៅលួចយកបានទូរទស្សន៍ LED ៣គ្រឿង លើកយកចេញមកខាងក្រៅ ហើយនិងលើកយកម៉ាស៊ីនកុំព្យូទ័រ២គ្រឿងទៀតចេញមក ស្រាប់តែសំឡេងស៊ីរ៉ែនរោទិ៍លាន់ត្រហឹងពេញអគារ ហើយអំពូលភ្លើងលោតបើកភ្លឺភ្លឹបភ្លែតៗ ធ្វើឲ្យជនសង្ស័យ មានការភ័យស្លន់ស្លោ ស្ទុះចេញមកវិញ ហើយរត់គេចខ្លួនបាត់ ទើប​បង្កការភ្ញាក់ផ្អើល ដល់ក្រុមសន្តិសុខប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ESS ចុះមកពិនិត្យមើល និងរាយការណ៍ប្រាប់កម្លាំងល្បាតសហប៉ុស្តិ៍ខណ្ឌ៧មករា  ចុះមកឡោមព័ទ្ធពិនិត្យមើលផងដែរ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងជិត២រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ នៅចំណុចអាគារ ពាណិជ្ជកម្មទិញ-លក់ខុនដូរ TIME CENTER ជាប់ពហុ កីឡដ្ឋានជាតិ អូរឡាំពិក លើផ្លូវព្រះសីហនុ  ស្ថិតក្នុងសង្កាត់វាលវង់  ខណ្ឌ៧មករា  រាជធានីភ្នំពេញ។

បើតាមលោក ហេង សំអូន ប្រធានគ្រប់គ្រងគម្រោងសន្តិសុខ ESS  បានរៀបប្រាប់ថា មុនពេលកើតហេតុ ក្រុមចោរបានធ្វើសកម្មភាពគប់ទម្លុះជញ្ជាំងកញ្ចក់អគារពាណិជ្ជកម្មទិញ-លក់ខុនដូ TIME CENTER កើតហេតុខាងលើ ហើយបើតាមគាត់បានមើលកាមេរ៉ាសុវត្ថិភាព ជាមួយក្រុមបច្ចេកទេសប្រព័ន្ធសុវត្ថិភាព ដែលចុះមកបើកពិនិត្យមើល ឃើញជនសង្ស័យចូលទៅរើកកាយ រករបស់មានតម្លៃពេញក្នុងអគារ តែពុំមានអ្វីយកបាន ព្រោះសុទ្ធតែជារបស់ Show Room ទើបជនសង្ស័យ មកលួចយកទូរទស្សន៍ LED ម៉ាក TOSHIBA ចំនួន៣គ្រឿង លើកយកចេញមកខាងក្រៅតាមកន្លែងដែលបំបែកកញ្ចក់ចូលលួចនោះ និងបានចូលលើកយកម៉ាស៊ីនកុំព្យូទ័រ២គ្រឿងទៀត ចេញមកទុកក្បែរកន្លែងបំបែកកញ្ចក់នោះទៀត ស្រាប់តែសំឡេងស៊ីរ៉ែនរោទិ៍លាន់ត្រហឹងពេញអគារ ហើយអំពូលភ្លើងលោតបើកភ្លឺភ្លឹបភ្លែត ៗ ធ្វើឲ្យជនសង្ស័យ មានការភ័យស្លន់ស្លោ ស្ទុះចេញមកវិញ ហើយរត់គេចខ្លួនបាត់ ទើប​បង្កការភ្ញាក់ផ្អើល ដល់ក្រុមសន្តិសុខប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ESS ចុះមកពិនិត្យមើល និងរាយការណ៍ប្រាប់កម្លាំងល្បាតខណ្ឌ៧មករា ចុះមកឡោមព័ទ្ធពិនិត្យមើលផងដែរ។

ក្រោយមកសមត្ថកិច្ចខណ្ឌ៧មករា ចុះមកកន្លែងកើតហេតុ  និងទំនាក់ទំនងទៅម្ចាស់អគារ ពាណិជ្ជកម្មខាងលើ ចុះមកបើកសោអោយសមត្ថកិច្ចចូលទៅត្រួតពិនិត្យ និងរុករកពេញអគារ  តែពុំមានស្លាកស្នាមអ្វី  គួរឲ្យកត់សំគាល់នោះទេ ឃើញតែស្នាមបាក់ពិដាន ដែលធ្វើពីម្នាងសិលាប៉ុណ្ណោះ  និងទូរទស្សន៍ LED ទាំង៣គ្រឿង និងម៉ាស៊ីនកុំព្យូទ័រ២គ្រឿង  ដែលទុកតាំងលើតុ Show Room ជាន់ផ្ទាល់ដី  ត្រូវបានជនស្ស័យលួចយកចេញទៅ តែដោយសារតែសំឡេងស៊ីរ៉ែនរោទិ៍លាន់ត្រហឹងពេញអគារ ទើបធ្វើឲ្យជនសង្ស័យរត់គេចខ្លួនបាត់ស្រមោលអស់ បន្សល់ទុកតែទូរទស្សន៍ LED ទាំង៣គ្រឿង នៅខាងក្រៅអគារតែប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ខណ្ឌ៧មករា និងក្រុមសន្តិសុខប្រព័ន្ធកាមេរ៉ាសុវត្ថិភាព  បានរាយការណ៍ ជូនថ្នាក់លើរាងខ្លួន ដើម្បីរង់ចាំខាងសមត្ថកិច្ច ធ្វើការស្រាវជ្រាវ តាមជំនាញ បន្ត ដើម្បីកំណត់មុខសញ្ញាតាមចាប់យកមកផ្ដន្ទាទោសអោយខានតែបាន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post