header ads

Sponsor

បន្ទាយមានជ័យៈ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង ខណៈដែលមានជម្លោះពាក្យសម្តីរវាងមន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល-កម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាមួយនឹងមន្ត្រីអាវុធហត្ថខេត្តបន្ទាយមានជ័យ ស្ទើរតែក្លាយជាហិង្សា។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលាម៉ោងប្រមាណ៨៖៣០នាទីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ មុខភូមិគ្រិះលោកវរសេនីយឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ស្ថិតក្នុងភូមិគោរដ្ឋាន​ សង្កាត់អូរអំបិលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

អ្នកឃើញហេតុការណ៍ បាននិយាយថា មុនកើតហេតុ គេឃើញក្រុមមន្ត្រីនគរបាលជាច្រើននាក់ បានចុះមកធ្វើការត្រួតពិនិត្យទីតាំងផ្ទុះអាវុធចំនួនបីគ្រាប់ កាលពីវេលាម៉ោង១០យប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ដែលខ្មាន់កាំភ្លើងបាញ់នៅមុខភូមិគ្រិះរបស់លោកមេបញ្ជាការរងខាងលើ។ ក្រោយមក គេឃើញមន្តី្រអាវុធហត្ថដឹកនាំដោយលោក យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានក្រុងសិរីសោភ័ណ បានចុះទៅដល់ហើយ ក៏កើតជាជម្លោះពាក្យសម្តីឈានជិតក្លាយជាហិង្សា។

លោក ខែម សោភ័ណ នាយការិយាល័យព្រហ្មទណ្ឌកម្រិ​តស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បាននិយាយថា កម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល បានចុះពិនិត្យទីតាំងផ្ទុះអាវុធរបស់ជនអនាមិកនៅមុខភូមិគ្រិះលោកមេបញ្ជាការរងអាវុធហត្ថខេត្ត។ ក្រោយធ្វើការពិនិត្យកម្លាំងជំនាញ បានរកឃើញសំបកគ្រាប់​ចំនួនបីគ្រាប់ដែលស្ថិតនៅទីតាំងផ្សេងគ្នា ក្បែរនិងមុខភូមិគ្រិះខាងលើ។

លោកនាយការិយាល័យរូបនេះបន្តទៀតថា កំពុងប្រតិបត្តិការក៏កើតមានជាជម្លោះឡើងក្រោមការចោទប្រកាន់ថា ប៉ូលិ​សពទ្ធ័ផ្ទះមេបញ្ជាការរងប៉េអឹម។ លោកថា មិនមែនជាការពទ្ធ័នោះទេ ការចោទប្រកាន់នេះ បានធ្វើអោយមានការភាន់ច្រឡំបង្កជាសង្គ្រាមពាក្យសម្តីលើទីសាធារណៈ គ្រាដែលជំនាញកំពុងស្វែងរកជនសង្ស័យ។

ចំពោះជម្លោះនេះដែរ ពលរដ្ឋដែលឃើញហេតុកាណ៍បានសម្តែងការហួសចិត្ត និងខកចិត្តយ៉ាងខ្លាំង គ្រាដែលសមត្ថកិច្ចពីរមិនត្រូវគ្នា។ មួយវិញទៀត ចំពោះករណីបាញ់នេះចំពោះសមត្ថកិច្ចប៉ូលិសមិនពិបាករកមុខសញ្ញាបាញ់នោះទេ ដោយគ្រាន់តែឆែកមើលកាមេរ៉ាសុវត្ថិភាព ដែលដាក់នៅមុខភូមិគ្រិះលោកមេបញ្ជាការរងខាងលើឃើញហើយ តែគ្រាន់ថាមេបញ្ជាការរងរូបនេះអោយឆែក ឬអត់ តែបើមិនអោយឆែក...មិនបាច់ឆ្ងល់ទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post