ភ្នំពេញៈ បុរសម្នាក់ បានរងរបួសបែកមុខ ខណៈស្រវឹងបើកម៉ូតូលឿនស្លេវទៅបុកបារ៉ាស់ របស់សមត្ថកិច្ចខណ្ឌមានជ័យ កំពុងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងច្បាប់ចរាចរណ៍ទប់ស្កាត់គ្រឿងញៀន បណ្ដាលឲ្យខ្ទាតដួលបោកនឹងថ្នល់សន្លប់ស្ដូកស្ដឹង។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០៖១០នាទីយប់ថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខ អតីតខារ៉ាអូខេ ឡាវី ហ្គាស់ (Lavigas) លើផ្លូវ២៧១ ស្ថិតក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ច បានប្រាប់ឲ្យបានដឹងថា មុនពេលកើតហេតុ កម្លាំងចម្រុះខណ្ឌមានជ័យ បានចុះដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិស្រវឹង ទប់ស្កាត់គ្រឿងញៀន នៅត្រង់ចំណុចខាងលើ ស្រាប់តែមានបុរសម្នាក់ មិនដឹងចេញពីផឹកស្រាកន្លែងណាទេ បានបើកម៉ូតូមួយគ្រឿង ម៉ាក Honda Click ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FN-5340 ទាំងស្រវឹងស្រា ស្រឿងៗ បានធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីលិចមកកើត ក្នុងល្បឿនលឿនស្លេវចូលដល់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតែមិនបន្ថយល្បឿន ស្រាប់តែជ្រុលទៅបុកបារ៉ាស់ ដែលដាក់អក្សរបន្ថយល្បឿន និងដាក់ដំបងពិល ភ្លឹបភ្លែត ៗបណ្ដាលឲ្យខ្ទាតដួលបោកនឹងថ្នល់ ភ្លាមនោះត្រូវបានកម្លាំងសមត្ថកិច្ចជួយសង្គ្រោះបឋម និងគ្រាឡើងមកអង្គុយ លេីចិញ្ចើមផ្លូវសិនផងដែរ។
តែអ្នកបើកបរម៉ូតូដែលស្រវឹងនោះ រឹងទទឹងមកព្រមអោយសមត្ថកិច្ច ផ្លុំពិនិត្យអាកុលឡើយ ដាច់ខាត់ទាល់តែសមត្ថកិច្ចទាក់ទងទៅសាច់ញាតិមកដល់ ទើបយល់ព្រមឲ្យសមត្ថកិច្ចវាស់ជាតិអាកុល ជាក់ស្ដែង លទ្ធផលត្រួតពិនិត្យមានជាតិអាកុលក្រោម ០,១៨មិល្លីក្រាម ក្នុង ១ លីត្រខ្យល់ ជាកម្រិតអប់រំប៉ុណ្ណោះ ដោយសារតែមានរបួសរលោតដៃរលោតជើង ទើបសមត្ថកិច្ចជួយទាក់ទងរកសាច់ញាតិអោយមកជួយយកទៅផ្ទះ។
ជាលទ្ធផលត្រួតពិនិត្យបានរួមមាន ៖ ១-រថយន្តឆ្លងកាត់គោលដៅចំនួន ៤០គ្រឿង ។ ២-ម៉ូតូឆ្លងកាត់គោលដៅចំនួន ១២០គ្រឿង (ក្នុងនោះអត់ស្លាកលេខ ១គ្រឿង) យកមកអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធ្វើការបង់ផាកពិន័យតាមច្បាប់ ចំណែកម៉ូតូដែលជិះបុរស បារ៉ាស់ត្រួតពិនិត្យ ត្រូវបានសមត្ថកិច្ចយល់ព្រមអនុញាតិឲ្យសាច់ញាតិ មកយកទៅផ្ទះវិញផងដែរ។ ចំណែកឯគ្រឿងញៀន និងអាវុធជាតិផ្ទុះ ពុំមានឆ្លងកាត់គោលដៅត្រួតពិនិត្យទេ៕