Sponsor

ភ្នំពេញៈ បុរសម្នាក់ ជិះម៉ូតូទិញគុយទាវ ត្រូវរថយន្តស្ទូចមួយគ្រឿងបើកឡើងទួលមិនរួច រអិលថយក្រោយ បណ្ដាលឲ្យ​បុកកិនស្លាប់ក្រោមកង់ឡានគួរឲ្យអាណោចអាធ័ម និងបន្សល់គុយទាវមួយចានច្រកថង់ក្ដៅៗ នៅក្បែរម៉ូតូរបស់ជនរងគ្រោះ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃអង្គារ៍ ទី២៧ ខែសីហា  ឆ្នាំ២០១៩ នៅចំណុចក្លោងទ្វារវត្តអង្គពោធិ៍ញាន លើផ្លូវបេតុង៧៧BT កែងផ្លូវ៣៧១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា សាកសពជនរងគ្រោះឈ្មោះ គ្រួច ភារម្យ ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបររត់តុ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ ចំណែកតៃកុងរថយន្ដឃាត់ខ្លួនឈ្មោះ ឆយ វណ្ណៈ ភេទប្រុស អាយុ៤៥ឆ្នាំមុខរបរ បើករថយន្ដបុកគ្រិះ ស្នាក់នៅផ្ទះលេខ៣៥០ ផ្លូវ២៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។

សមត្ថកិច្ច បានបន្ដថា មុនពេលកើតហេតុគេឃើញរថយន្ដស្ទូចមួយគ្រឿងម៉ាក ហ៊ីយ៉ានដាយ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 3D-9823 បើកតាមបណ្ដោយផ្លូវបេតុងបំណងឡើងទៅផ្លូវ៣៧១ក្នុងទិសដៅជើងទៅត្បូង ស្រាប់តែបុរសម្នាក់ជនរងគ្រោះជិះម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FT-9631 បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របទិសគ្នា ដែលឈប់ពីក្រោយរថយន្ដ ប៉ុន្ដែពេលដែលរថយន្ដឡើងចំណោតមិនរួច ក៏រអិលកិនម៉ូតូ និងជនរងគ្រោះបណ្ដាលឲ្យស្លាប់ភ្លាមៗមួយរំពេច ។ ដោយឡែកតៃកុងរថយន្ដត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅធ្វើសួរនាំនៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី២ ភ្លាមៗតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុជួយសម្រួលចរាចរណ៍ និងទាក់ទងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកវាស់វែងអូសរថយន្ដ និងម៉ូតូទៅរក្សាទុកដើម្បីដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ ។ ចំណែកសាក សពជនរងគ្រោះត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor