Sponsor

ភ្នំពេញៈ បុរសនារី២នាក់ ចេញពីកម្មវិធីខួបកំណើតគេ ស្រវឹងបើករថយន្តព្រូសមួយគ្រឿង បោះពួយយ៉ាងលឿន គេចពីម៉ូតូមួយគ្រឿង ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងទៀត កំពុង​ធ្វើដំណើរបញ្រ្ចាសទិសគ្នា ចំពីមុខពេញទំហឹង។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១:១៥នាទីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០១៩ ត្រង់ចំណុចផ្លូវបែកជាបួន ( លូទឹកស្អុយ ) ស្ថិតតាមបណ្ដោយផ្លូវ៣១០ កែងផ្លូវ១០៥  ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្ក មួយគ្រឿងម៉ាក តូយូតាព្រូស  (TOYOTA PRIUS) ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2R-2399 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង និងមាននារីម្នាក់ទៀត រួមដំណើរជាមួយបាន បើកតាមបណ្ដោយផ្លូវ៣១០ ក្នុងទិសដៅពីកើតទៅលិច និងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តបង្ក ក៏បានអក់ហ្សើជាមួយម៉ូតូមួយគ្រឿង ដែលនៅខាងមុខ ពេលនោះ រថយន្តក៏កាច់ចង្កូតទៅខាងឆ្វេង គេចពីម៉ូតូ ដោយខ្វះការប្រុងប្រយ័ត្ន ក៏បានជ្រុល ឆ្លងចូលទៅផ្លូវម្ខាងទៀត បុកជាមួយម៉ូតូកង់បីឥណ្ឌាមួយគ្រឿងទៀត ពណ៌លឿង  ពាក់ស្លាកលេខ ភ្នំពេញ 1GU-1570 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅបញ្រ្ចាសទិសគ្នា បុកចំពីមុខ ពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូកង់បីឥណ្ឌាសន្លប់ស្ដូកស្ដឹងក្នុងថ្លុកឈាម  រីឯម៉ូតូកង់បី បានរងការខូចខាតក្រពឹតផ្នែកខាងមុខយ៉ាងដំណំ ចំណែករថយន្តបង្កបានរងការខូចខាត ក្រពឹតកាង  និងបែកកង់ផ្នែកខាងមុខចំហៀងខាងឆ្វេង។

ភ្លាមៗនេះ គេឃើញបុរសនារី២នាក់នោះ ចុះពីលើរថយន្តមកមើលជនរងគ្រោះដែរ ហើយថែមទាំងរកកង់បីជួយដឹកជនរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះសិន ដោយប្រាប់ថា  រូបនាងជាអ្នកទទួលខុសត្រូវទាំងអស់ តែពុំមានអ្នកណាហ៊ានដឹកទេ ព្រោះឃើញសភាពជនរងគ្រោះបែកក្បាលធ្ងន់ធ្ងរពេក។ បន្តិចក្រោយមកជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ របស់គ្លីនិក ឯកជន សម្ភពរស្មី មកដឹកបញ្ជូនទៅសង្គ្រោះ ភ្លាមៗ ដោយឃើញមានបំពាក់ខ្យល់ អុកស៊ីហ្សែនជំនួយផងដែរ។

ក្រោយមកគេឃើញសមត្ថកិច្ច មូលដ្ឋាន ក៏បានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការសួរនាំ រកអ្នកបើករថយន្តបង្ក ហើយប្រជាពលរដ្ឋក៏ប្រាប់ថា ជាបុរសដែលស្រវឹងនោះ ស្រាប់តែផ្ទុះការភ្ញាក់ផ្អើលឡើងតែម្ដង  ព្រោះនារីរូបស្រស់ខាងលើ បានស្ទុះយកម៉ាសហុចអោយបុរសដែលស្រវឹងស្រានោះ រួចប្រកែកថា មិនមែនបុរសខាងលើនេះ ជាអ្នកបើករថយន្តទេ ទើបក្រុមអ្នកសារព័ត៌មាននាំគ្នាធ្វើការសាកសួរពីដំណើររឿងតែម្ដង។

នារីខាងលើ បានអះអាងនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន សមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋថា  អ្នកនាងជាអ្នកបើកបររថយន្តបង្កនេះផ្ទាល់ ចំណែកបុរសខាងលើ ជាអ្នករួមដំណើរជាមួយអ្នកនាងប៉ុណ្ណោះ ដោយបញ្ជាក់ទៀតថា  ពួកគេទើបចេញមកពីកម្មវិធីខួបកំណើតមួយ  លុះមកដល់ចំណុចកើតហេតុ ក៏ជួបបញ្ហាបែបនេះ ភ្លាមៗនោះនាងបានចុះមកហៅគេឯងជួយដឹកជនរងគ្រោះ​ទៅមន្ទីរពេទ្យដែរ  តែពុំមានអ្នកណាហ៊ានដឹកទេ  រហូតក្រោយមកក៏មាន រថយន្តសង្គ្រោះមកដឹកបញ្ជូនទៅជួយសង្គ្រោះបាត់។

យ៉ាងណាមិញ សមត្ថកិច្ចក៏បានសម្របសម្រួល កុំអោយមានការប្រកកគ្នាទៀតដែរ ព្រោះលោកបានរាយការណ៍ ជូនសមត្ថកិច្ចជំនាញផ្នែកវាស់វែង  នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ចុះមកធ្វើការវាស់វែង រួចយករថយន្តបង្ក និងម៉ូតូកង់បីឥណ្ឌា ទៅរក្សាទុកបណ្ដោះអាសន្ន  នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំធ្វើការដោះស្រាយទៅ តាមផ្លូវច្បាប់ជាបន្តទៀតនៅពេលក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor