header ads

Sponsor

ភ្នំពេញៈ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានប្ដេជ្ញាចិត្ត មិនឲ្យភ្លាត់ស្នៀតខុស ជាលើកទី២ឡើយ ព្រោះក្រសួងបានបង្កើត គណៈកម្មាធិការបច្ចេកទេស សម្រាប់ត្រួតពិនិត្យ តាមដានយ៉ាងយកចិត្តទុកដាក់បំផុត ខណៈក្រសួងរៀបចំកម្មវិធីថ្មីមួយទៀត សម្រាប់បូកផ្ទៀងផ្ទាត់ស្រង់ ពិន្ទុរបស់បេក្ខជននីមួយៗ ព្រមទាំងរៀបចំមជ្ឈមណ្ឌល កុំព្យូទ័រ២ថែមទៀត។

កាលពីឆ្នាំ២០១៨ ក្រសួងបានបូកសរុបពិន្ទុ របស់បេក្ខជនមួយចំនួនខុស ដោយសារប្រព័ន្ធកុំព្យូរទ័រ ធ្វើឲ្យក្រសួងបូកពិន្ទុរបស់បេក្ខជនសារជាថ្មី។

លោក ហង់ ជួនណារ៉ុន បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងពិធីបើកវិញ្ញាសាប្រឡងបាក់ឌុប នៅវិទ្យាល័យព្រះស៊ីសុវត្ថិ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ថា  មាននីតិវិធីក្នុងការត្រួតពិនិត្យមើលថា តើលទ្ធផលហ្នឹងវាយ៉ាងម៉េចដែរ! យកលទ្ធផលមកវិភាគមួយរយៈសិន ដោយមិនផ្សព្វផ្សាយលទ្ធផលភ្លាមៗទេ គឺយើងវិភាគហើយ ទើបយើងឲ្យអ្នកបច្ចេកទេសបញ្ចូល ទៅក្នុងប្រព័ន្ធកម្មវិធីទៀត ទៅមើលថា តើលទ្ធផលហ្នឹងវាត្រឹមត្រូវដែរឬអត់ទើបយើងនឹងប្រជុំសម្រេចប្រកាសលទ្ធផល

លោកបន្ដថា ក្រសួងបានបង្កើតអនុគណៈកម្មាធិការពិសេសមួយ ហើយបានរៀបចំនូវកម្មវិធីថ្មីតែម្ដង សម្រាប់ការបូកស្រងពិន្ទុនេះ ។ក្រសួងក៏បានធ្វើតេស្តរៀបចំមជ្ឈមណ្ឌលកុំព្យូរទ័រ២ទៀត ដើម្បីឲ្យដឹងថា បើសិនជាអ៊ែររ័រ ក្រសួងសាកនូវមួយទៀត ដូច្នេះមានចំនួន២កន្លែងហើយ មានទាំងប្រព័ន្ធចាស់មានទាំងប្រព័ន្ធថ្មី។

លោកបន្ថែមថា ក្រសួងអនុវត្តន៍យ៉ាងតឹងរឹងចំពោះបេក្ខជនដូចបណ្តាឆ្នាំកន្លងមក ចំពោះការដកហូតសំណៅឯកសារនានា។ លោកថា សម្រាប់ឆ្នាំនេះ អាកាសធាតុអំណោយផលល្អគ្រប់កន្លែង មិនមានភ្លៀងធ្លាក់ផ្អាកដំណើរការប្រឡងនោះទេ។

បន្ថែមពីនេះ រដ្ឋមន្រ្តីក្រសួងអប់រំ លើកឡើងថា ក្រសួងមិនទាន់ហ៊ានសន្និដ្ឋាន ក៏ដូចជាប៉ាន់ប្រមាណថា នឹងមានសិស្សដែលប្រឡងជាប់ បាននិន្ទេសA ប៉ុន្មានភាគរយនៅឡើយទេ ព្រោះបច្ចុប្បន្នសង្កេតឃើញសិស្សានុសិស្ស មានការខិតខំប្រឹងប្រែងរៀនសូត្រ ច្រើនគួរឲ្យកត់សម្គាល់។

ចំណែក អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស ស យ ក) លោក សាយ សំអាល់ បានថ្លែងថា ស ស យ ក បានផ្ដល់វគ្គបំប៉នដល់និស្សិត ដោយបានបន្ថែមកម្មវិធីរៀនតាមប្រព័ន្ធអនឡាញ ដោយនិស្សិតទូទាំងប្រទេសអាចចូលក្នុងកម្មវិធីអនឡាញនោះ ហើយសិក្សាយកជំនាញដោយខ្លួនឯង នូវមុខវិជ្ជាត្រូវប្រឡង។

សូមរំលឹកថា ប្រឡងបាក់ឌុប ឆ្នាំ២០១៩នេះ មានមណ្ឌលប្រឡងសរុបចំនួន ២០២ មណ្ឌល ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន ៧៥ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន១២៧ មណ្ឌលមាន៤៧២៥ បន្ទប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post