header ads

Sponsor

ក្រចេះ៖ ជីវិតប្តីប្រពន្ធមួយគូ រស់នៅមិនចុះសម្រុងនឹងគ្នា ចេះតែរកាំរកោសក្នុងគ្រួសារ ធ្វើឲ្យប្រពន្ធសម្រេចចិត្ត​សុំលែងលះ តែប្ដីអត់ព្រម កើតចិត្តខឹង ពួនស្ទាក់លួចចាំកាប់សម្លាប់ប្រពន្ធ​ រួច​ទម្លាក់សព​ចូលក្នុងប្រឡាយទឹកលូ។

ឃាតកម្មខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៧៖៣០នាទីយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

ជនរងគ្រោះ ឈ្មោះ គង់ ស្រីទូច  ភេទស្រី  អាយុ២៧ឆ្នាំ (ត្រូវជាប្រពន្ធ) ជនសង្ស័យឈ្មោះ  សំ  សុភ័ក្ត្រា ហៅភ័ក្ត្រ ភេទប្រុស អាយុ៣១ឆ្នាំ (ត្រូវជាប្តី ) អ្នកទាំងពីរមានទីលំនៅកន្លែងកើតហេតុខាងលើ។

សមត្ថកិច្ចក្រុងក្រចេះ បានឲ្យដឹងថា​ កន្លងមកប្ដីប្រពន្ធខាងលើ តែងតែមានជម្លោះរកាំរកោសក្នុងគ្រួសាររហូតដល់ប្រពន្ធ​សម្រេចចិត្តដាក់ពាក្យបណ្តឹងសុំលែងលះគ្នា ប៉ុន្តែប្តីមិន​យល់ព្រមឡើយ។ លុះថ្ងៃកើតហតុម៉ោង​ជាង៧យប់ ជនរងគ្រោះ បាន​ជិះម៉ូតូទៅទិញបង្អែម  ពេលត្រឡប់មកផ្ទះវិញ តាមផ្លូវត្រង់ចំណុចផ្លូវលំច្រកចូលផ្ទះ ត្រូវបានជនសង្ស័យជាប្ដីធ្វើសកម្មភាពកាន់កាំបិតផ្គាក់កាប់ជាច្រើនកាំបិត ត្រូវចំបំពង់ក និងកញ្ចឹងក  ហើយ​ទម្លាក់សព​ចូលក្នុងប្រឡាយទឹកលូ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមតែម្តង។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post